ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំកងទ័ពអាស៊ានថា ភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩របស់កម្ពុជា មិនមែនជាការចៃដន្យទេ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង៩ ផ្សេងទៀត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេ ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មីក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩”។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឲ្យកងទ័ពនៃប្រទេសនីមួយៗត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើនក្នុងពេលតែមួយ។ ក្នុងនោះ ក្រៅពីការខិតខំបំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យការបំពេញការងារប្រព្រឹត្តទៅជាធម្មតាទាំងការងារប្រតិបត្តិការ, ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗ ស្របតាមគន្លងបែបបទថ្មីនៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។
ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាននីមួយៗលើបទពិសោធន៍នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីជោគជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលនេះ ក្នុងនោះកងទ័ពបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងការចូលរួមរៀបចំផែនការ, ការផ្តល់នូវសម្ភារៈ និងការដឹកជញ្ជូន, ការប្រើប្រាស់កម្លាំងសុខាភិបាល, ការសហការជាមួយស្ថាប័ននគរបាលនៅក្នុងការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងការអនុវត្តដោយម៉ឺងម៉ាត់នូវរាល់វិធានការសុខាភិបាលទប់ស្កាត់បាននូវការចម្លងនៅក្នុងអង្គភាពជាដើម។ ជាពិសេស ទោះនៅក្នុងកាលៈទេសៈនៃវិបត្តិនេះ កងទ័ពក៏នៅតែខិតខំព្យាយាមរក្សាបាននូវសមត្ថភាពពេញលេញ និងការត្រៀមលក្ខណៈគ្រប់ពេលវេលា អាចបំពេញភារកិច្ច និងប្រតិបត្តិការស្ទើរដូចធម្មតា។ ជាក់ស្តែង ខណៈដែលបណ្តាប្រទេសអាស៊ានភាគច្រើនទទួលរងនូវវិបត្តិគ្រោះទឹកជំនន់ និងខ្យល់ព្យុះដែលកន្លងទៅថ្មីៗនេះ កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជារួមនៅចំពោះមុខវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់លុបបំបាត់បាននៅឡើយ កិច្ចប្រជុំបានកត់សម្គាល់អំពីតម្រូវការនៃការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី រួមទាំងបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាកំពុងប្រឈមថ្មីនេះ តាមរយៈការពិចារណារៀបចំសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ការជួបប្រជុំ, ការផ្លាស់ប្តូរបទពិសោធន៍របស់នាយទាហានគ្រប់ជាន់ថ្នាក់ និងការធ្វើលំហាត់លើតុតាមប្រព័ន្ធ ICT ទន្ទឹមនឹងការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពនៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា ដើម្បីឱ្យការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះរក្សាបាននូវសុវត្ថិភាពខ្ពស់។
ក្នុងអំឡុងពេលកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងការគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលេខ៣ ក្នុងចំណោម១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ។ ជាក់ស្តែងណាស់ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជាលើស្ថានភាពនៃវិបត្តិនេះ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកទី២ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បន្ទាប់ពីជំនួបពិសេសកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


