ព្រឹត្តិការណ៍​ធំ​ពីរ ជាសមិទ្ធផល​ថ្មី​ចុង​ឆ្នាំ នឹង​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ធំ​ពីរ ជាសមិទ្ធផល​ថ្មី​ចុង​ឆ្នាំ នឹង​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ

Published

on

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ មាន​ព្រឹត្តិការណ៍​ដ៏​ចាប់​អារម្មណ៍​ពីរ​នឹង​កើត​ឡើង ទាក់ទង​ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ។

ទី​មួយ​គឺ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ៣០ ធ្នូ ២០២០ ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន។ គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៨ ខ្សែ​ ដំបូង​គ្រោង​បើក​ការដ្ឋាន​នៅ​ថ្ងៃ ១៦ វិច្ឆិកា តែ​ត្រូវ​ប្រកាស​លើក​ពេល ក្រោយ​កើត​មាន​ព្រឹត្តិការណ៍ ៣ វិច្ឆិកា។

ផ្លូវ​ទាំង ៣៨ ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ៣០ វិច្ឆិកា​នេះ មាន​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ អនុវត្ត​ស្តង់ដា​ដូច​ផ្លូវ​កំពុង​ស្ថាបនា​នៅ​ក្រុង​ព្រះសីហនុ។ គ្រប់​ខ្សែ​ផ្លូវ​ទាំង​អស់ មាន​ការ​គិតគូ​គ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធ​លូ​ទឹក​កខ្វក់ លូ​ទឹកភ្លៀង ចិញ្ចើម​ផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវសម្រាប់​ជន​មាន​ពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺផ្លូវ​សាធារណៈ ផ្លាក​សញ្ញា​និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះទឹក កខ្វក់ និងការធ្វើសួន ដាំដើមឈើជាដើម​។

ក្រោយ​ផ្លូវ​ទាំង ៣៨ ខ្សែ ស្ថាបនា​រួច ទីក្រុង​សៀមរាប​នឹង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ក្លាយជាទីក្រុង​ស្រស់ស្អាត​ប្រកបដោយបរិស្ថានល្អបរិសុទ្ធ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រោយពេលបញ្ចប់វិបត្តិជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត​គឺ​ពិធីតភ្ជាប់ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។​

​ស្ពានមិត្តភាពកម្ពុជ-ចិន ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅត្រើយ​ខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លង​កាត់​ទន្លេ​មេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែល​បានបើក​ការដ្ឋានកាល​ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ។

ស្ពាននេះចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារអាមេរិក​មាន​ប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅដើមឆ្នាំ២០២១ ខាងមុខ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម