ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ហួសចិត្តសង្គមស៊ីវិល ដែលអញ្ជើញឲ្យមកចូលរួម ពិគ្រោះផ្តល់យោបល់ហើយ មិនព្រមចូលរួមទេ
ថ្នាក់ដឹកនាំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ បានជួបប្រជុំតាមអនឡាញជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR នៅកម្ពុជា អំពីដំណើរការពិគ្រោះយោបល់ ជាមួយសង្គមស៊ីវីលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា។

តែអ្វីជាការកត់សម្គាល់នោះ គឺក្រុមអង្គការសង្គមស៊ីវិល ដែលត្រូវបានអញ្ជើញឲ្យចូលរួម មិនព្រមចូលរួមនោះទេ។ នេះបើតាមលោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោក ជិន ម៉ាលីន ដែលបានចូលរួមក្នុងកិច្ចប្រជុំ នាព្រឹកនេះដែរនោះ បានលើកឡើងថា «គិតទៅយ៉ាប់មែនសង្គមស៊ីវិលនៅកម្ពុជា យើងបើក និងអញ្ជើញឲ្យចូលរួមពិគ្រោះ និងផ្តល់យោបល់ មិនព្រមចូលទេ តែបែរជាមករិះគន់ និងបន្តុះបង្អាប់ជាសាធារណៈទៅវិញ បើយើងអញ្ជើញខ្លួនឯងផ្ទាល់ទៅមិនថាទេ តែនេះឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ចេញមុខអញ្ជើញផ្ទាល់ហើយ ក៏នៅតែមិនមកទៀត»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងទៀតថា «មិនដឹងថា ពួកនេះចង់បានអីឲ្យពិតប្រាកដទេ ប្រហែលជាចង់ចិញ្ចឹមរឿងទុកធ្វើ ជារបររនយោបាយ និងចិញ្ចឹមឆ្នាំបាយរបស់ខ្លួន ហើយមើលទៅ បានជាបង្ហាញចរិតបែបកូនក្មេង និងគ្មានការទទួលខុសត្រូវបែបនេះ។ នេះភាសារខ្មែរគេហៅថា អន់ចរិត»។
សូមជម្រាបដែរថា មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបការចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមរបស់អង្គការសង្គមស៊ីវីលទាំង៦០ ដែលបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា ការបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ របស់ក្រុមអង្គការសង្គមស៊ីវីល មួយក្តាប់តូចនេះ ដោយហេតុថា តាំងពីដំបូងមក ក្រុមសង្គមស៊ីវីល ជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មកម្លះ។ ដោយការងារនេះ ស្ថិតក្នុងដៃសង្គមស៊ីវិលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាល សម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះ ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំនិងរៀបចំនៅក្នុងឆ្នាំ២០១៩។
លោក ជិន ម៉ាលីន បានលើកឡើងថា ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងារ របស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេ អំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឲ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឲ្យការបង្កើតស្ថាប័ននេះ សម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


