ព័ត៌មានជាតិ
ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ អ.ដ.ក. បានជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប
ដើម្បីធានានូវកិច្ចដំណើរការរបស់ខ្លួន ទាំងកិច្ចដំណើរការស្ថាប័ន ទាំងកិច្ចដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានធ្វើការជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានប្រាប់«កម្ពុជាថ្មី» កាលពីម្សិលមិញនេះថា ក្នុងចំណោម មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប មានមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទពេញម៉ោងចំនួន ២៧រូប និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្តចំនួន ៥៩រូប។ បន្ទាប់ពីបានឆ្លងកាត់ដោយជោគជ័យនៃវគ្គបណ្តុះបណ្តាលដែលរៀបចំដោយ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង ៨៦រូប ត្រូវបានផ្តល់នីតិសម្បទាដោយ អ.ដ.ក. នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ លើសពីនេះ អ.ដ.ក. បានរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តចំនួន១០ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់ដើម្បីធានានូវកិច្ចដំណើរការស្ថាប័ន និងកិច្ចដំណើរការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.ផងដែរ។
ទន្ទឹមនេះ អ.ដ.ក. បានរៀបចំរួចរាល់ និងបានចាប់ផ្តើមអនុវត្តព្រមៗគ្នានូវគម្រោងសំខាន់ចំនួន២ នាដើមខែសីហា គឺទី១. គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន និងទី២. គម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងទាំងពីរនេះ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. និងបានធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោះស្រាយវិវាទជូនដល់មន្ត្រីមូលដ្ឋាន បានចំនួន ៤ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង។ ព្រមទាំងបានចុះសិក្សាស្រាវជ្រាវអំពីអភិក្រមនៃការដោះស្រាយវិវាទរបស់ជនជាតិដើមភាគតិចនៅចំនួន ៣ខេត្តដែលរួមមាន ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយ អ.ដ.ក.នឹងបន្តចុះទៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសដើម្បីបន្តអនុវត្តគម្រោងទាំង២ ខាងលើ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ដើម្បីឱ្យការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ មានលក្ខណៈសម្បូរបែប និងកាន់តែទូលំទូលាយ និងងាយស្រួល អ.ដ.ក. បានធ្វើកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងនោះ អ.ដ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយគណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម។
តាមរយៈ MOU នេះ មេធាវី ឬមជ្ឈតករ អាចនាំយកវិវាទដែលខ្លួនបានសម្រុះសម្រួលបញ្ចប់ដោយជោគជ័យមក អ.ដ.ក. ដើម្បីស្នើសុំការទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដើម្បីឱ្យលទ្ធផលនៃការព្រមព្រៀងបញ្ចប់វិវាទដែលរៀបចំដោយមេធាវី ឬ មជ្ឈតករ អាចទទួលបានអានុភាពគតិយុត្តិ ដូចកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលរៀបចំដោយ អ.ដ.ក. ផ្ទាល់។ បន្ថែមពីនេះ អ.ដ.ក. ក៏បានចាប់ផ្តើមធ្វើការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិលើការចុះ MOU នេះ ដើម្បីអាចឱ្យ អ.ដ.ក. អាចចុះដោះស្រាយវិវាទនៅមូលដ្ឋានផ្ទាល់ជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


