ព័ត៌មានជាតិ
លោក ចាន់ យុត្ថា៖ រាជធានី ខេត្ត នៅតែប្រឈម នឹងជំនន់ទឹកភ្លៀង
រាជធានី ខេត្ត ជាច្រើននៅតាមតំបន់មួយចំនួន នៅតែប្រឈម នឹងជំនន់ទឹកភ្លៀង នាអំឡុងពាក់កណ្ដាលរដូវវស្សានេះ ដោយសារជ្រលងសម្ពាធទាបឥណ្ឌា ធ្វើឱ្យមូសុងនិរតីបង្កើនឥទ្ធិពលខ្លាំងរួមផ្សំ និងបាតុភូតសមុទ្រចិនខាងត្បូង។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០១ ខែកញ្ញា នេះថា ការធ្លាក់ភ្លៀងស្ទើរទូទាំងប្រទេស គ្រាន់តែកន្លែងខ្លះតិច មធ្យម និងច្រើន ដូចជានៅខេត្តកំពង់ស្ពឺ នៅស្រុកភ្នំស្រួចទឹកមានកម្ពស់ ជាង ១០០ មម នៅយប់ថ្ងៃទី ៣១ ខែសីហានេះ នៅស្រុកឧត្តង្គក្នុងរង្វង់ ១២០ មម ចឹងគឺជាបរិមាណទឹកភ្លៀងដែលធ្លាក់ច្រើនបន្ទាប់ពីខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន។

លោកថា “នៅពេលនេះឃើញភ្លៀងធ្លាក់ច្រើន នៅតំបន់ទំនាបកណ្ដាលវិញម្ដង កន្លងមកមានតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ឥឡូវនេះ គឺបានរុញដល់តំបន់ទំនាប់កណ្ដាល ហើយនៅខេត្តបន្ទាយមានជ័យ យប់មិញ ក៏ជាង ១០០ មម ដែរ ហើយបណ្ដាខេត្តមួយចំនួនទៀត ក៏ស្ថិតនៅក្នុង ៧០ ទៅ ៨០ មម។
លោក ចាន់ យុត្ថា បញ្ជាក់ថា ភ្លៀងបានធ្លាក់ជោគជាំច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងរាជធានីភ្នំពេញ ក៏ចូលខ្ទង់រយ មម ដែរ កន្លែងខ្លះ មានដល់ ១០០ មម ប៉ុន្តែធ្លាក់នៅតាមខណ្ឌដែលនៅជាយក្រុង តែបើធ្លាក់ចំខណ្ឌដែលនៅកណ្ដាលក្រុង ដូចជាខណ្ឌដូនពេញ ខណ្ឌ ៧ មករា គឺអាចមានបញ្ហាដែរ។

បើតាមលោក ចាន់ យុត្ថា ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើងច្រើន ហើយសាលារាជធានីភ្នំពេញ ក៏កំពុងតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកបន្ថែមទៀត។ ហើយ កាលណាកម្រិតភ្លៀងលើសពី ៥០ មម សម្រាប់រាជធានីភ្នំពេញ គឺអាចមានការប៉ះពាល់ហើយ ការលិចនៅតំបន់មួយចំនួន ប៉ុន្តែគ្រាន់តែថា ការលិចលង់ក្រោយពេលភ្លៀង ប្រសិនបើត្រឹមកន្លះម៉ោង ឬ១ម៉ោងស្រកផុតទៅគឺជាការប្រសើហើយ។

លោកបញ្ជាក់ថា អំឡុងពេល ១០ ថ្ងៃកន្លងមកនេះ មិនមែនតែកម្ពុជាទេ មានការលិចលង់ មានសិង្ហបុរី ទីក្រុងហៃហ្វុងវៀតណាម និងខេត្តមួយចំនួន នៅប្រទេសថៃក៏មានការលិចដោយសារទឹកភ្លៀងដែរ។

លោក ចាន់ យុត្ថាបន្តថា “ឥឡូវនេះយើងនៅចំពាក់កណ្ដាលរដូវវស្សាហើយជាពិសេសអំឡុងខែ ៩ និងខែ ១០ នេះ គឺមានភ្លៀងធ្លាក់ជោគជាំច្រើន”។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ បញ្ហាសំខាន់គឺភ្លៀងនៅតែបន្តធ្លាក់ទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ តំបន់ទំនាបកណ្ដាលភាគពាយព្យ រួមមានដូចជា ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប តំបន់ទំនាបកណ្ដាលភាគខាងត្បូង មានខេត្តកំពង់ស្ពឺ តាកែវ តំបន់ទំនាបកណ្ដាលភាគខាងកើត ដូចជាខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងតំបន់មាត់សមុទ្រដែលនៅតែប្រឈម ជាមួយនឹងជំនន់ទឹកភ្លៀង ព្រោះថាជ្រលងសម្ពាធទាបឥណ្ឌារុញមកខ្លាំង ធ្វើឱ្យមូសុងនិរតី បង្កើនឥទ្ធិពលខ្លាំង រួមនឹងបាតុភូតសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ទើបបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង៕


អត្ថបទៈ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


