Connect with us

ព័ត៌មានជាតិ

លោក ជី កាន​យូ បដិសេធ​លិខិត​អនាមិក​ដែល​ផ្សាយ​ដោយ​ទូរទស្សន៍​មួយ ខណៈ​លោក​បាន​ប្ដឹងទៅ​ឧទ្ធរណ៍​និង​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​បានឃើញ​នូវ​ការផ្សព្វផ្សាយ​របស់​ស្ថានីយទូរទស្សន៍​មួយ ដោយ​ដកស្រង់​ពី​លិខិត​អនាមិក​គ្មាន​ប្រភព​ច្បាស់លាស់​ថា លោក ជី កា​យូ សុំ​អភ័យទោស​ចំពោះ​លោក ស៊ុន ហួរ​នោះ ទើប​នៅ​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ មេធាវី​របស់លោក ជី កាន​យូ បាន​អះអាងថា លោក​មិន​ធ្លាប់បាន​ធ្វើលិខិត​សុំ​អភ័យទោស ហើយក៏​ពុំបាន​ទទួលស្គាល់​នូវ​កំហុស​អ្វី ដូចដែល​អ្នកសារព័ត៌មាន​ទាន់​ហេតុការណ៍ របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ( TV3) បាន​រៀបរាប់​នោះឡើយ ព្រោះ​លោក​ជា​ជនរងគ្រោះ​សុទ្ធសាធ​នៅក្នុង​រឿងនេះ ហើយក៏​មិនទាន់​ទទួលបាន​នូវ​ដំណោះស្រាយ​សមរម្យ​ណាមួយ​ពី​លោក​ស៊ុន ហ៊ួ​រ បន្តិច​ណា​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លិខិត​បដិសេធ​និង​បំភ្លឺ ដែល​ចេញ​ដោយ​មេធាវី សួគ៌ា លឹម​ដា​រា ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់លោក ជី កាន​យូ បាន​ច្រានចោល​និង​បដិសេធ​ទាំងស្រុង ទៅលើ​លិខិត​អនាមិក​ដែល​បាន​ចុះផ្សាយ​នោះ ហើយ​កូនក្ដី​លោក​នៅតែ​រក្សា​គោលជំហរ​ក្នុងការ​ប្ដឹង​លោក ស៊ុន ហួរ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​និង​ឆបោក​ដដែល ត្បិត​កូនក្ដី​លោក​បាន​យោគយល់​អធ្យាស្រ័យ​និង​ពន្យារ​ពេល​ជូន​លោក ស៊ុន ហួរ អស់​រយៈពេល​៣​ឆ្នាំ​មកហើយ។ កូនក្ដី​លោក កំពុងតែ​ដាក់ពាក្យ​បណ្ដឹង ប្ដឹង​ឧទ្ធរណ៍​ទៅនឹង​ដីកា​សម្រេច​តម្កល់​រឿង ទុក​ឥត​ចាត់ការ ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លើសពីនេះ​ទៀត​កូនក្ដី​របស់លោក ក៏បាន​ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍ ទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យមើល​សំណុំរឿង​ខាងលើនេះ​ផងដែរ ។

​លិខិត​របស់លោក​មេធា​វី សួគ៌ា លឹម​ដា​រា បន្តថា កូនក្ដី​របស់លោក​នៅតែ​មានសង្ឃឹម​យ៉ាង​មុតមាំ ទៅលើ​វិស័យ​យុត្តិធម៌ ក៏ដូចជា​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ផងដែរ នៅក្នុង​ការផ្ដល់​ភាពយុត្តិធម៌​ជូន​លោក ជី កា​យូ ដែលជា​ជនរងគ្រោះ​ពិតប្រាកដ​ផងដែរ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ សូម​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ។ បើ​យោងតាម​លិខិត​ពាក្យស្នើសុំ​អន្តរាគមន៍​របស់លោក ជី កា​យូ គោរព​ជូន​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​ត្រូវបាន​ក្រសួងយុត្តិធម៌ ទទួល​ចូល​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ។

សូម​រំលឹកថា លោក​ឧត្ដមសេនីយឯក ស៊ុន ហួរ ក៏​ធ្លាប់​បានចេញ​លិខិត​បដិសេធ​ច្រានចោល​ការលើកឡើង​រប​ស់ លោក ជី កាន​យូ និង​អះអាងថា លោក​ជី កាន​យូ បំភ្លៃ​ការពិត ប៉ុន្តែ​ការ​បដិសេធ​របស់លោក​ផ្កាយ​៣ ស៊ុន ហួរ​នេះ ក៏ត្រូវ​បាន​លោក ជី កាន​យូ បង្ហាញ​ភាព​ហួសចិត្ត និង​មិន​យល់​ស្របតាម​ការរៀបរាប់​របស់ លោក ស៊ុន ហួរ ដូច​ក្នុង​លិខិត​នោះទេ គឺ​លោក​សុំឱ្យ​លោក​ស៊ុន ហួរ ទទួលស្គាល់​សច្ចភាព និង​ត្រូវតែទទួលស្គាល់​នូវ​អ្វី ដែល​គាត់​បាន​ប្រព្រឹត្ត​មកលើ​រូបលោក ។ លោក​មក​ប្រទេស​កម្ពុជា ព្រោះតែ​ស្រឡាញ់​ពេញចិត្ត និង​មក​ដើម្បី​ធ្វើការ​វិនិយោគ មិនមែន​មក​ចង់​មាន​ជម្លោះ​ជាមួយ​បុគ្គល​ណាមួយ​នោះទេ។

លោក ជី កាន​យូ នាយក​ក្រុមហ៊ុន​ធី​ដាប់​បេ​ល​យូ លី ស៊ីន ថេ​កណឡ​ជី បាន​និយាយថា ថ្វី​ត្បិត​លោក​ជា​ជនបរទេស ពុំ​មាន​ដើមកំណើត​នៅទីនេះ​ក៏ពិតមែន តែ​បេះដូង​របស់លោក​ស្រឡាញ់​ប្រទេសមួយ​នេះ និង​គោរព​ថ្នាក់ដឹកនាំ​ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​(​ប៉ា​ប៉ា​-​ម៉ាក់​ម៉ាក់​) ហើយ​លោក​សុំឱ្យ​លោក​ស៊ុន ហួរ ទទួលស្គាល់ សច្ចភាព​២​ចំណុច ដោយ​ទី​១-​សូម​លោក​ស៊ុន ហួរ ត្រូវតែទទួលស្គាល់​នូវ​អ្វីដែល​គាត់​បាន​ប្រព្រឹត្ត​មកលើ​រូបលោក និង​ទី​២-​លោក​ស៊ុន ហួរ ត្រូវ​សង​សំណង​មក​លោក​វិញ តាម​កិច្ចសន្យា​ទិញ​-​លក់​ដី គឺ​សង​នូវ​អ្វីដែល​លោក​គួរ​ត្រូវ​បាន​ប៉ុណ្ណោះ៕

​ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម