ព័ត៌មានជាតិ
ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិកកើនឡើងដល់ ៤៤%
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងដល់ ៤៤% ដែលជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគងនៅព្រឹកថ្ងៃទី២០មីនា លោកស្រី ជា សិរី បានគូសបញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។
ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣១%។ នេះបើតាមលោកស្រី ជា សិរី។
ធនាគារជាតិបានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធយ្យអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ បើតាមលោកស្រី ជា សិរី ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈយ្យអរកូដ (QR code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។
បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ធនាគារជាតិបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិ ដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានឥណទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥណទានសរុប និងវិធានការមួយចំនួនផ្សេងទៀតដូចជា ការបញ្ចេញសន្ទនីយភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ ដែលទាំងអស់នេះបានជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការជាប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

លោកស្រី ជា សិរី បានគូសបញ្ជាក់បន្ថែមថា ធនាគារជាតិបានខិតខំប្រឹងប្រែងជាប្រចាំក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់នៃប្រាក់រៀល ដោយបានបង្កើតឱ្យមានសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.សរ) ដែលនៅទីនោះមានការអត្ថាធិប្បាយយ៉ាងក្បោះក្បាយ អំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ននិងសង្គម និងប្រវត្តិសេដ្ឋកិច្ច-នយោបាយនៅកម្ពុជាក្នុងអំឡុងជាងពីរពាន់ឆ្នាំមកនេះ។
ទន្ទឹមនេះ ធនាគារជាតិក៏បានរៀបចំសិក្ខាសាលានិងកម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនៅតាមបណ្តាខេត្ត ដើម្បីបញ្រ្ជាបស្មារតីស្រឡាញ់ប្រាក់រៀល និងលើកកម្ពស់ការចូលរួមរបស់សាធារណជនឱ្យងាកមកប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែច្រើនជាងមុន។
បើតាមទេសាភិបាលធនាគារជាតិកម្ពុជា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិនិងការកសាង សង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ លោកស្រីអំពាវនាវដល់ក្រសួង- ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃ ទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌ អនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល៕
អត្ថបទ៖សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


