ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់ប្រាក់រង្វាន់ ចំពោះគ្រឹះស្ថានសិក្សាដែលរៀបចំស្អាត
ការប្រកាសផ្តល់ប្រាក់រង្វន់ ចំពោះគ្រឹះស្ថានសិក្សាសាធារណៈរបស់លោកស្រីអភិបាលខេត្តប៉ៃលិនបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោកស្រីអភិបាលខេត្ត ដឹកនាំក្រុមការងារ មន្រ្តីរាជការ អញ្ជើញចុះពិនិត្យគ្រឹះសា្ថនសិក្សាសាធារណៈនៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន ដើម្បីត្រៀមបើកឱ្យសិស្សានុសិស្សចូលរៀនឆាប់ៗខាងមុខនេះ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវចំពោះសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយត្រូវបិទទៅវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ-១៩។ ដូច្នោះត្រូវចូលរួមអនុវត្តតាមវិធានការ ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋភិបាល និងធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យចេញលេងជួបជុំគ្នានោះឡើយ។ បើសិនពិនិត្យឃើញសិស្សណាម្នាក់ពាក់ម៉ាសចាស់ដដែលៗត្រូវប្តូរជូនភ្លាម ហើយសាលារៀនណាមួយខ្វះម៉ាស អាចស្នើសុំបន្ថែមទៀត។

លោកស្រីអភិបាលខេត្ត មានប្រសាសន៍បន្តថា គណៈគ្រប់គ្រងសាលាមិនត្រូវកាត់ថវិកាពីលោកគ្រូអ្នកគ្រូ ដើម្បីយកទៅទិញសម្ភារៈសាលារៀននោះឡើយ ប្រសិនជាខ្វះខាតពិតមែន អាចទាក់ទងទៅខាងរដ្ឋបាលខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភទាន់ពេលវេលា។ ចំណែកលោកគ្រូអ្នកគ្រូ ក៏ត្រូវប្រុងប្រយ័ត្នខ្លួនឯងជាប់ជានិច្ច មិនត្រូវចេញទៅក្រៅដោយធ្វេសប្រហែសដែលនាំឱ្យឆ្លងជំងឺកូវីដ-១៩ រួចបន្តឆ្លងរាលដាលដល់សិស្សក្នុងសាលា បង្កជាបញ្ហានោះឡើយ។
ជាមួយគ្នានេះលោកស្រី បាន ស្រីមុំ មានប្រសាសន៍បញ្ជាក់ដែរថា បើសិនជាលោកគ្រូអ្នកគ្រូ ឬគណៈគ្រប់គ្រងនៃសាលារៀនណាមួយនៅទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយរៀបចំកែច្នៃទីធ្លាសាលារៀនដែលជាសម្បត្តិរដ្ឋឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ ជាពិសេសមានសោភ័ណភាពស្រស់ស្អាតជាងគេ ទទួលបានជ័យលាភីជាប់ចំណាត់ថ្នាក់លេខ១ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ ពីរដ្ឋបាលខេត្ត ចាប់ពី ១០លានរៀលទៅ ២០លានរៀល។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យ ដឹងថា នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន ៥៧កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួន១២កន្លែង។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ មានសាលារៀនមួយចំនួនដូចជា អនុវិទ្យាល័យ និងបឋមសិក្សា បរយ៉ាខា អនុវិទ្យាល័យ និងបឋមសិក្សា ប៉ាងរលឹម អនុវិទ្យាល័យ ហ៊ុន សែន អូរដូនតា បឋមសិក្សា ដីស បឋមសិក្សា ផ្ទះស្បូវ បឋមសិក្សា កូនដំរី ឯសាលាមួយចំនួនទៀតដែលនៅសេសសល់នឹងត្រូវសិក្សាពិនិត្យស្ថានភាពជាក់ស្តែងបើកឱ្យដំណើរការជាបន្តបន្ទាប់៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


