ព័ត៌មានជាតិ
នៅសល់ ៥ខេត្តទៀត កម្ពុជានឹងបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ទាំងស្រុង
មកដល់ពេលនេះ នៅសល់ ៥ខេត្តទៀតប៉ុណ្ណោះ កម្ពុជានឹងបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ទាំងស្រុង ដែលអាចនឹងបញ្ចប់នៅខែតុលានេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស មានប្រសាសន៍នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។
លោកស្រី មានប្រសាសន៍ថា៖ “១៦ ខេត្តហើយដែលបានបិទ ដែលខេត្តត្បូងឃ្មុំ និងក្រចេះ បិទស្អែក ចំណែកខេត្តមណ្ឌលគីរីបិទខានស្អែក។ នៅសល់៥ខេត្តទៀត កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ ដែលត្រូវខិតខំជំរុញការចាក់វ៉ាក់សាំង និងអាចបិទបញ្ចប់នាខែតុលាខាងមុខនេះដែរ”។

លោកស្រី ឱ វណ្ណឌីន បានផ្ដាំផ្ញើដល់រដ្ឋបាលខេត្ដបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដល់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេសរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ-១៩។ ប៉ុន្ដែបើទោះបីចាក់វ៉ាក់សាំងបានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួន ពិសេសវិធានការ ៣ការពារ និង៣កុំ។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋ មិនត្រូវមានការរើសអើងប្រភេទវ៉ាក់សាំងនោះទេ ពោលវ៉ាក់សាំងទាំងអស់ដែលកម្ពុជាកំពុងមាន និងចាក់ជូនប្រជាពលរដ្ឋនេះ គឺសុទ្ធតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយសុទ្ធតែមានប្រសិទ្ធភាពការពារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ក្នុងថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន បានបន្ដអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រៃវែង ដែលបានធ្វើឡើងនៅសាលាខេត្តព្រៃវែង។
ចំពោះកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ឬបាន ៨២,០៣% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ និងលើកុមារ-យុវជនអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


