ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជន អង្គការទស្សនៈពិភពលោក ក្នុងនាមជាដៃគូសហការ
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជន ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រ ក្នុងភាពជាដៃគូដល់កម្មវិធីយុវជន និងការចូលរួម របស់អង្គការទស្សនៈពិភពលោករហូតដល់ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីនេះនឹងផ្តល់ការបណ្តុះបណ្តាល និងការតម្រង់ទិសដល់កុមារ ក្មេងជំទង់ និងយុវជន ដែលមានអាយុពី១២ដល់១៨ឆ្នាំ ប្រមាណជាង២ម៉ឺននាក់។
កម្មវិធីយុវជន និងការចូលរួម (Impact+) នឹងផ្តល់ការគាំពារដល់កុមារ ក្មេងជំទង់ និងយុវជន ក្នុងស្រុកចំនួន៨ តាមបណ្តាខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និង ខេត្តតាកែវ ដើម្បីជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យ ដែលជាពលរដ្ឋសកម្មពោរពេញដោយសមត្ថភាព គុណតម្លៃ ការជឿជាក់ និងទំនាក់ទំនងល្អជាមួយគ្នាក្នុងសង្គម។


លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ និងការចូលរួម នៃអង្គការទស្សនៈពិភពលោក លើកឡើងថាក ម្មវិធីយុវជន និងការចូលរួម ត្រូវបានបង្កើតឡើង ដើម្បីឱ្យប្រាកដថាយុវជនទទួលបានការគាំទ្រនូវអ្វីដែលពួកគេត្រូវការ សម្រាប់បង្កើតក្តីស្រមៃនាថ្ងៃអនាគត ដាក់គោលដៅនិងសម្រេចបំណងផ្ទាល់ខ្លួន ក៏ដូចជាពង្រីកលទ្ធភាពនានាសម្រាប់ខ្លួនពួកគេផងដែរ។
លោក យាង សិដ្ឋសមប្រាថ្នា មានប្រសាសន៍បន្ថែមថា “យើងជឿជាក់យ៉ាងមុតមាំថាកម្មវិធីនេះ នឹងផ្តល់ជាវេទិកាដ៏មានសុវត្ថិភាពមួយសម្រាប់កុមារ ក្មេងជំទង់ និងយុវជន ដើម្បីឱ្យពួកគេកសាងបំណិនជីវិត បង្កើតជម្រើសបែបវិជ្ជមាននិងប្រកបដោយសុខុមាលភាពល្អប្រសើរក្នុងជីវិតប្រចាំថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវជំនាញភាពជាអ្នកដឹកនាំ និងធ្វើឱ្យពួកគេរស់នៅមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងសង្គម។ ជំនាញទាំងនេះ ជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេ ក្នុងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនាពេលអនាគត”។


នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា “នៅក្រុមហ៊ុន Smart យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ ដើម្បីការរីកចម្រើនរយៈពេលយូរអង្វែងរបស់ប្រទេសកម្ពុជា។ ពួកយើងគិតថា យុទ្ធសាស្ត្រដែលមាននិរន្តរភាពបំផុត ចំពោះកំណើនសេដ្ឋកិច្ច គឺការវិនិយោគលើការអភិវឌ្ឍយុវជន និងមូលធនមនុស្ស។ យុវជន និងការចូលរួម គឺជាកម្មវិធីមួយដែលយើងគាំទ្រ ព្រោះវាដំណើរការដោយផ្អែកលើការអប់រំ ការណែនាំនិងកីឡា ដែលជួយយុវជន ក្នុងការបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេ និងស្វែងយល់ពីឱកាសថ្មីៗនិងបង្កើនលទ្ធភាពរស់នៅប្រកបដោយសុខភាពល្អនិងវិជ្ជមាន”។
លោក ថូម៉ាស បានបន្ថែមថា “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជោគជ័យដែលត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុន Smart Axiata និងអង្គការទស្សនៈពិភពលោក ។ យុវជនដែលបានចូលរួមក្នុងកម្មវិធីទាំងនេះ គឺមានភាពរឹងមាំ មានទំនុកចិត្តក្នុងខ្លួនឯង និងមានការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើរ។ យើងមានជំនឿថា ពួកគេនឹងបន្តធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសារ និងសហគមន៍ ព្រមទាំងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង”។


យុវតី សៀវម៉ី វ័យ១៦ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីយុវជន និងការចូលរួម លើកឡើងថា ខ្លួនពិតជាមានមោទកភាព ចំពោះបទពិសោធន៍ ដែលបានមកពីការរៀនសូត្រ ការដឹកនាំគម្រោងសហគមន៍ និងការលេងកីឡា។ សៀវម៉ី និយាយថា “ឥឡូវនេះ ខ្ញុំមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការបញ្ចេញមតិ និងលើកឡើងពីក្តីកង្វល់របស់ខ្ញុំ សូម្បីតែទៅកាន់អាជ្ញាធរមូលដ្ឋាន។ ខ្ញុំថែមទាំងរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្រ និងអ្នកភូមិ បានល្អជាងមុនទៀតផង។ ខ្ញុំអរគុណដល់បទពិសោធន៍ដែលខ្ញុំទទួលបានពីក្លិបយុវជន”។


នៅឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រក្នុងភាពជាដៃគូដល់អង្គការទស្សនៈពិភពលោក ក្នុងការចាប់ផ្តើមកម្មវិធី One Goal ជាគំនិតផ្តួចផ្តើមមួយដែលជួយលើកទឹកចិត្តយុវជនឱ្យមានជម្រើសជីវិត ដែលប្រសើរ អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងទទួលបំណិនជីវិត ដែលមានសារៈប្រយោជន៍ ដើម្បីកាត់បន្ថយឥរិយាបថដែលជាហានិភ័យតាមរយៈការប្រកួតបាល់ទាត់ប្រចាំសប្តាហ៍។ ចាប់ពីឆ្នាំ២០១៧ដល់២០២០ យុវជនប្រមាណ១៩០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



