Connect with us

ព័ត៌មានជាតិ

យុវជន គាំទ្រយ៉ាងខ្លាំងចំពោះជំហរមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជាលើការបន្ត បិទព្រំដែន ខណៈទំនិញខ្មែរក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់

បានផុស

នៅ

យុវជន​កម្ពុជា សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ជំហរ​មុតមាំ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​លើ​ការ​សម្រេច​បន្ត​បិទ​ព្រំដែន​កម្ពុជា-ថៃ ខណៈ​ការ​បិទ​នេះ នឹង​ធ្វើ​ឲ្យ​ទំនិញ​ខ្មែរ​កាន់តែ​ផុលផុស​ខ្លាំង​សម្រាប់​ប្រជាជន​ប្រើប្រាស់ និង​មាន​ផលិតផល​ប្រើប្រាស់​គ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​យុវជន លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​ដែល​មាន សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុង​ការ​បន្ត​បិទ​ព្រំដែន​រវាង​ប្រទេស​ទាំង ០២ គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត ព្រោះ​ភាគី​ថៃ​ជា​អ្នក​បិទ​ច្រក​ព្រំដែន​ជា​ឯកតោភាគី​មុន។

យុវជន​បន្ថែម​ថា ដោយសារ​កត្តា​បិទ​ព្រំដែន ហើយ​ពុំ​មាន​ទំនិញ​សៀម​ចូល​មក​ក្នុង​ដី​ខ្មែរ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ខ្មែរ​ងាក​មក​គាំទ្រ​ផលិតផល​របស់​ខ្មែរ ស្ទើរតែ​ពាសពេញ​ប្រទេស ខណៈ​ទំនិញ​ខ្មែរ ក៏​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អ មិន​ចាញ់​ផលិតផល​ប្រទេស​ដទៃ​នោះ​ឡើយ។ ជាពិសេស​នោះ ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ផង​ដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច ធ្លាប់​បាន​បញ្ជាក់​ថា ជំហរ​របស់​កម្ពុជា នឹង​មិន​ផ្លាស់ប្ដូរ​ទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះ​ដែរ។ ថៃ អាច​បន្ត​បិទ ១០០ ឆ្នាំ​ទៀត ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។

សម្តេច​តេ​ជោ បាន​អរគុណ​ទៅ​ភាគី​ថៃ ដែល​តាមរយៈ​ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​នេះ ធ្វើ​ឲ្យ​ទំនិញ​ថៃ​នាំ​ចូល​មក​មិន​បាន ហើយ​បាន​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជា​ដែល​ផលិត​ក្នុងស្រុក​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង។ ប្រជាជន​កម្ពុជា​ដែល​ស្រឡាញ់​ជាតិ​នាំគ្នា​គាំទ្រ​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក ដែល​នេះ​នឹង​គាំទ្រ​ដល់​ការ​រីកចម្រើន​ខាង​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​វែង​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម