ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ យើងត្រូវតែ រៀនរស់ រៀនធ្វើការ ក្នុងស្ថានភាពដែលកូវីដ វានៅរាតត្បាត
«យើងត្រូវតែ រៀនរស់ រៀនធ្វើការ ក្នុងស្ថានភាពដែលកូវីដវានៅរាតត្បាត»។ នេះជាការលើកឡើង របស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែងថ្មី នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ចប់នៅឡើយទេ ទោះបីថា មានការថយចុះ ទាំងក្នុងក្របខណ្ឌពិភពលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះ ដោយថ្ងៃនៅថ្ងៃនេះ តួលេខដែលសម្ដេចទទួលបានគឺមិនដល់ ២០០នាក់នោះទេ តែចំនួនអ្នកស្លាប់នៅតួលេខ ២ខ្ទង់ដដែល។ ការណ៍នេះសម្ដេចក្រឡាហោម បានអំពាវនាវឲ្យយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់នូវការរាលដាលនៃជំងឺនេះ ដោយថា មិនត្រូវមានការមើលស្រាលនោះទេ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដនេះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងជាក់ស្ដែងដូចកម្មវិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែងថ្មីនៅថ្ងៃនេះ គឺការរៀបចំនៅទីវាល មានខ្យល់ចេញចូលគ្រប់ ហើយមានការអង្គុយរក្សាគម្លាតគ្នាជាដើម ដែលនេះជាផ្នែកមួយនៃការរៀនរស់ជាមួយកូវីដ។
តាមសម្ដេចក្រឡាហោម ស ខេង «ត្រូវរស់ជាមួយកូវីដ ពីព្រោះបើវាមិនបាត់ វានៅតែមានអញ្ចឹង ដូច្នេះយើងមិនអាចអង្គុយរង់ចាំ ឲ្យវាបាត់ហើយ បានយើងធ្វើការទេ ការងាររបស់យើងវាជាន់កែងទៅហើយ ដូច្នេះយើងត្រូវតែរៀនរស់ រៀនធ្វើការ ក្នុងស្ថានភាពដែលកូវីដវានៅរាតត្បាត ទោះបីវាមិនខ្លាំងដូចពីមុនក្ដី»។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ទាំងអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាអ្នកប្រាជ្ញ មិនទាន់អាចទស្សន៍ទាយថា ជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់នៅឆ្នាំនេះ ឬឆ្នាំក្រោយជាក់លាក់នោះដែរ។ ដូច្នេះយើងត្រូវរៀនរស់នៅ ក្នុងស្ថានភាពនេះ បន្តរាតត្បាត។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានស្វែងរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាគេ ជាពិសេសនៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ