ព័ត៌មានជាតិ
ខេត្តសៀមរាប ចាប់ផ្ដើមណែនាំ និងអប់រំពលរដ្ឋ អំពីការរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ
អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមទី៣ នៃយុទ្ធនាការនេះ បានដឹកនាំក្រុមការងារខេត្ត ចាប់ផ្ដើមធ្វើយុទ្ធនាការក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី០២និងថ្ងៃទី០៣ ខែតុលានេះ បានចុះពន្យល់ និង ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងសង្កាត់ទឹកវិលនិងសង្កាត់ស្រង៉ែ ក្នុងក្រុងសៀមរាប ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ អំពីរបៀបនៃការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩។
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអនុវត្ត តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្ដីពីការរៀនរស់ក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩នោះ រដ្ឋបាលខេត្តសៀមរាប បានចេញនូវសេចក្ដីណែនាំចំនួន ១០ចំណុច ស្ដីពីការពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅ តាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាពិសេសបានបែងចែកក្រុមការងារ ដែលដឹកនាំដោយលោក លោកស្រី ជាអភិបាលរងខេត្ត ចុះពន្យល់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅតាមបណ្តាសង្កាត់ទាំង១២ នៃក្រុងសៀមរាប ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីរបៀបនៃការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ ។

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា ការអនុញ្ញាតឲ្យដកបម្រាមចេញ ពិសេសការលប់ចោលតំបន់ក្រហម និង តំបន់លឿងទុំវិញ រួមជាមួយនឹងការអនុញ្ញាតឲ្យប្រជាពលរដ្ឋបានធ្វើដំណើរនិងប្រកបអាជីវកម្មឡើងវិញនោះ មិនមែនមានន័យថា ជំងឺដ៏កាចសាហាវមួយនេះបានធូរស្បើយនោះទេ តែតាមពិតជំងឺនេះនៅតែមាននៅគ្រប់ទិសទី ហើយអាចនឹងឆ្លងចូលដល់ខ្លួនមនុស្សគ្រប់ពេលវេលាទៀតផង ប្រសិនបើមិនមានវិធានការបង្ការ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ ជាពិសេសមិនបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល៣ការពារ៣កុំឲ្យបានខ្ជាប់ខ្ជួនទេនោះ ដូច្នេះការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩ គឺជារឿងចាំបាច់បំផុត ព្រោះថា ពិភពលោកយើងនេះ ប្រហែលជាយើងត្រូវរស់នៅជាមួយនឹងជំងឺកូវីដ-១៩យូរអង្វែងបន្តទៀត ដោយសារតែជំងឺឆ្លងដ៏កាចសាហាវមួយនេះ មិនទាន់ទៅណាឲ្យឆ្ងាយពីពិភពលោកយើងនេះទេ ពីព្រោះវានៅតែបន្តការឆ្លងរាតត្បាតជាសកលនៅឡើយ ។



លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា អំណឹះតទៅ មនុស្សត្រូវតែរស់នៅក្នុងវិន័យ ត្រូវរៀនផ្លាស់ប្ដូរទម្លាប់ ហើយក៏ត្រូវធ្វើការកម្រិតសេរីភាពរបស់ខ្លួនឲ្យបានខ្លាំងជាងមុន ដើម្បីរក្សាអាយុជីវិត រក្សាការងារនិងមុខរបរអាជីវកម្មរបស់ខ្លួន ព្រោះរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោក នៅមិនទាន់រកឃើញនៅឡើយទេ នូវថ្នាំសម្រាប់ព្យាបាលជំងឺ ដ៏កាចសាហាវនេះ ដូច្នេះ ការពាក់ម៉ាសជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាពសង្គម ការលាងដៃជាមួយសាប៊ូ ឬ អាល់កុលជាញឹកញាប់ ជាពិសេស ការកាត់ផ្ដាច់ទំនងរវាងមិត្តភក្ដិ បងប្អូន គឺជាបែបផែនរស់នៅដ៏លំបាក ប៉ុន្ដែយើងទាំងអស់គ្នាពិតជាគ្មានជម្រើសឡើយ ក្រៅពីរៀនរស់នៅក្នុងស្ថានភាពថ្មីនេះឲ្យបាន ដើម្បីរក្សាលំនឹងជីវភាពក្នុងគ្រួសារផង និងជៀសផុតពីការឆ្លងជំងឺផង នេះហើយដែលគេហៅថា ការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មីក្នុងសម័យជំងឺកូវីដ-១៩ ហេតុនេះ វាពិតជាពិបាកបន្ដិចមែន ប៉ុន្ដែការបណ្ដោយខ្លួនឲ្យឆ្លងជំងឺកូវីដ-១៩ វាក៏ពិតជាពិបាកជាងនេះឆ្ងាយណាស់ ហើយក៏អាចប្រឈមនឹងសេចក្ដីស្លាប់ គ្រប់ពេលវេលាផងដែរ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



