ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ យើងនឹងទទួលបាន នូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ បើកូវីដមិនធ្ងន់ធ្ងរក្រោយភ្ជុំបិណ្ឌ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ចំពោះសភាពការណ៍កូវីដ-១៩ ដែលអាចកើតឡើងនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។ តែយ៉ាងណាក៏ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋ អាចការពារខ្លួនបានល្អ ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ យើងនឹងទទួលបានរួមគ្នា នូវការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។
តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋទទួលការសាទរ និងធ្វើបុណ្យ ធ្វើទាន ទោះបីថា ការធ្វើបុណ្យ ធ្វើទាននោះ ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានធ្វើដំណើរចល័តបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ ទៅតាមតំបន់ទេសចរណ៍នានា តាំងពីប៉ុន្មានមុនម្លេះ និងអាចនៅថ្ងៃក្រោយបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការសាកល្បងធំណាស់ សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងដូសជំរុញថែមទៀត។ សម្ដេចតេជោ មានប្រសាសន៍បន្តថា យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងប្រថុយប្រថាននោះទេ។ ក៏ប៉ុន្តែ ក៏មិនមែនជាការច្បាស់លាស់ ១០០ភាគរយ ថាវាគ្មានបញ្ហានោះដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងបានប្រុងប្រៀបខ្លួន ដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាល បានបង្កឲ្យមានការស្លាប់ ឆ្លង និងស្លាប់យ៉ាងច្រើន….សម្រាប់កម្ពុជាយើងវិញ ករណីយើងក៏ត្រូវត្រៀមបម្រុងទុក នូវករណីអាក្រក់ ដែលអាចកើតមានឡើង សម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជន របស់យើងផងដែរ»។
យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រះសង្ឃនៅគ្រប់ទីអារាម ក៏ដូចជាប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្ដ នៅតាមតំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន ព្រោះថា នេះជាចំណុចនៃការសាកល្បង ដើម្បីពិនិត្យមើលថាតើ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់រួចរាល់ហើយនោះ ប្រទេសយើង មានជំងឺឆ្លងធ្ងន់ធ្ងរដែរឬទេ?។ ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ គម្រោងនៃការបើកប្រទេសលើគ្រប់វិស័យឡើង នឹងមិនអាចធ្វើទៅតាមនោះទេ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ អាចនឹងការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើង នឹងទទួលបានរួមគ្នា ទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសករណីសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្ម សម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា សេដ្ឋកិច្ចរបស់យើងបានដំណើរពេញបន្ទុក ទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ការនាំចេញរបស់យើង ក្នុងផ្នែកកសិកម្មក្ដី និងឧស្សាហកម្មក្ដី គឺមានកំណើន និងដំណើរការដ៏ល្អ។ តែបានប៉ះពាល់ ទៅលើផ្នែកសេវា ជាពិសេសទៅលើសេវាទេសចរណ៍ គឺបានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ បើទោះជាថ្មីៗនេះ ការព្យាកររបស់ធនាគារពិភពលោក IMF និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើនរបស់យើង នឹងកើនពី ១.៨ភាគរយ ទៅ ២.២ភាគរយ ក៏ដោយចុះ។ ប៉ុន្តែយើងត្រូវខិតខំ ធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែប្រសើរឡើង ដែលកាលពីដើមឆ្នាំ យើងបានកំណត់ថា ៤.១ភាគរយ ក៏ប៉ុន្តែការបិទខ្ទប់នៅក្នុងខែមេសា និងឧសភា បានកាត់បន្ថយនូវកំណើនសេដ្ឋកិច្ចរបស់យើង។
យ៉ាងណាក៏ដោយ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងស្រោចទូទាំងប្រទេសមក យើងសង្កេតឃើញថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានការថមថយចុះ។ ដូច្នេះ ទើបមានការវាយតម្លៃ នូវសភាពការណ៍សេដ្ឋកិច្ច ថា នឹងអាចមានកំណើត ២.២ភាគរយ ហើយប្រសិនបើនៅចុងឆ្នាំនេះ យើងអាចបើកដំណើរការសេដ្ឋកិច្ចបាន ជាពិសេសទៅលើ សេវាទេសចរណ៍ផ្ទៃក្នុងប្រទេសជាបឋម កំណើនសេដ្ឋកិច្ចរបស់យើង អាចនឹងលើស ២.២ភាគរយ តាមការវាយតម្លៃនៅក្នុងខែកញ្ញា កន្លងទៅនេះ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៀតថា «ដូច្នេះខ្ញុំព្រះករុណខ្ញុំ សុំអំពាវនាវចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលទៅលេងនៅតំបន់នានា សូមរក្សាឲ្យបានខ្ជាប់ខ្ជួននូវ ៣កុំ ៣ការពារ ធានាយ៉ាងណាកុំឲ្យក្រោយពេលបុណ្យ យើងបែរជាមានអ្នកដែលត្រូវធ្វើបុណ្យឲ្យយើងវិញ នោះគឺមហន្តរាយមួយ ដែលវាកើតឡើង បន្ទាប់ពីការសប្បាយរីករាលរបស់យើង ផ្ទុយទៅវិញប្រសិនបើយើងអនុវត្តបានល្អ កុំឲ្យមានការឆ្លងរីករាលដាល បងប្អូនប្រជាពលរដ្ឋរបស់យើង នឹងទទួលបានការសប្បាយរីករាយច្រើនជាងមុន»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


