Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្នើឱ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​ជួយ​គាំទ្រ​វិស័យ​កសិកម្ម​បន្ថែមទៀត

បានផុស

នៅ

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ស្នើ​ឱ្យ​ធនាគារអភិវឌ្ឍន៍​អាស៊ី​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើសុំ​របស់​លោករ​ដ្ឋ​មន្ត្រី​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២១​ក្នុងឱកាស​ដែល​លោក​បាន​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ លោកស្រី Sunniya Durrani-Jamal នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា ដើម្បី​ជម្រាបលា ក្រោយ​បញ្ចប់​បេសកកម្ម​អស់​រយៈពេល​បី​ឆ្នាំ​នៅ​កម្ពុជា​។​

លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី ក្រោម​ការដឹកនាំ​របស់​លោកស្រី​កន្លងមក ដែល​បាន​យកចិត្តទុកដាក់​ជួយ​គាំទ្រ​គម្រោង​ជាច្រើន​នៅ​ក្នុង​វិស័យ​កសិកម្ម​។

​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​លោកស្រី​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កសិកម្ម​នៅតែ​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​។ ជាក់ស្តែង​នៅ​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​នេះ ផលិតកម្ម​កសិកម្ម ក៏ដូចជា​ការនាំចេញ​ផលិតផល​កសិកម្ម​នៅតែ​រក្សាបាន​នូវ​កំណើន និង​បាន​ចូលរួម​សម្រាល​នូវ​ការរង​ផលប៉ះពាល់​ពី​សម្ពាធ​នៃ​ជំងឺ​កូ​វីដ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន ដែល​ដៃគូ​អភិវឌ្ឍ​អាច​បន្ត​ផ្តល់​ការគាំទ្រ​បន្ថែម ជាពិសេស​ការពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​បង្កើន​តម្លៃបន្ថែម ដែល​អាច​ជួយ​បង្កើន​ចំណូល​បន្ថែម​ដល់​កសិករ និង​កំណើនសេដ្ឋកិច្ច​ផងដែរ។

លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​បន្ថែម​ថា ក្រសួងកសិកម្ម កំពុង​គិតគូរ​ពី​ការ​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដើម្បី​ពង្រីក​កំណើនសេដ្ឋកិច្ច​ពី​វិស័យ​កសិកម្ម​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី បន្ត​ផ្តល់​ការគាំទ្រ​នូវ​គម្រោង​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម​បន្ថែមទៀត ជាពិសេស​លើ​ការ​ដោះស្រាយ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​របាំង​បច្ចេកទេស​សម្រាប់​ការនាំចេញ ការគាំទ្រ​ផ្នែក​ឥណទាន​ដល់​វិស័យ​ឯកជន​ក្នុងការ​បោះទុន​វិនិយោគ​បន្ថែម​លើ​ការ​វេច​ខ្ចប់ កែច្នៃ និង​ឃ្លាំង​ស្តុក និង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​មន្ត្រី​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ ផ្នែក​ការពារ​ដំណាំ និង​គុណភាព​ផលិតផល​កសិកម្ម​។​

​លោកស្រី Sunniya Durrani-Jamal បាន​ថ្លែងអំណរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី និង​សហការី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ខាង​ធនាគារ​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​កសិកម្ម​។

លោកស្រី​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម