ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មានតែបើកទទួលភ្ញៀវទេសចរអន្តរជាតិទេ ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍បាន
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានអះអាងថា បើទោះបីជាភ្ញៀវក្នុងស្រុក ចាប់ផ្តើមដើរកម្សាន្តឡើងវិញក៏ពិតមែន។ ប៉ុន្តែគ្រាន់តែអាចស្រោចស្រង់ អាជីវកម្មទេសចរណ៍បានតិចតួចប៉ុណ្ណោះ។ ដូចនេះមានតែការបើកប្រទេស ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញទេ ទើបអាចជួយស្រោចស្រង់ វិស័យទេសចរណ៍ឲ្យដំណើរការល្អប្រសើរ ឡើងវិញបាន។
លោកបានបន្តទៀតថា មូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ ៣០ភាគរយ ដែលបានបិទទ្វារផ្អាកអាជីវកម្មកាលពីដើមឆ្នាំ នៅមិនទាន់បានបើកនោះទេ ខណៈអាជីវកម្មទេសចរណ៍មួយចំនួន បានចាប់ផ្តើមបើកដំណើរការឡើងវិញបណ្តើរៗ ក្រោយចរន្តទេសចរណ៍ផ្ទៃក្នុងចេញដើរកម្សាន្ត នាពេលកន្លងមក។
លោកមានប្រសាសន៍ឲ្យដឹងទៀតថា «ទោះបីជាស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ រាងធូរស្រាលជាងមុនបន្តិចក្តី និងការចេញដើរកម្សាន្តរបស់ទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមងើបឡើងវិញ ជាពិសេសក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌក៏ដោយ។ ប៉ុន្តែមូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ៣០ភាគរយ ដែលបានបិទទ្វារផ្អាកអាជីវកម្មកាលពីដើមឆ្នាំ នៅមិនទាន់បានបើកទាំងអស់នោះទេ ដោយសារមិនទាន់មានបុគ្គលិកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ចំនួនតាមការកំណត់ ដែលក្រសួងអនុញ្ញាតឲ្យបើកដំណើរការវិញ»។
លោកបានបន្ថែមទៀតថា មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបណ្តើរៗនោះ គឺមាននៅប៉ែកតំបន់ឆ្នេរ និងភូមិភាគឦសាន ខណៈខេត្តសៀមរាប មូលដ្ឋានអាជីវកម្មប្រមាណ ៩០ភាគរយ នៅតែបន្តបិទទ្វារនៅឡើយ។
លោកបានបញ្ជាក់ថា «បើទោះបីជាភ្ញៀវក្នុងស្រុក ចាប់ផ្តើមដើរកម្សាន្តឡើងវិញក៏ពិតមែន ប៉ុន្តែអាចស្រោចស្រង់អាជីវកម្មទេសចរណ៍បានតិចតួចប៉ុណ្ណោះ។ ដូចនេះមានតែការបើកប្រទេសទទួលភ្ញៀវអន្តរជាតិ ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍ ឲ្យដំណើរការល្អប្រសើរឡើងបាន»។
លោកបានបន្ថែមទៀតថា ចំពោះផែនការបើកទទួលភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំនេះ ក្រសួងបានត្រៀមរួចហើយ។ ប៉ុន្តែត្រូវរង់ចាំការប្រកាស ពីប្រមុខរាជរដ្ឋាភិបាល និងរង់ចាំមើលការវិវត្តន៍ នៃស្ថានភាពជំងឺកូវីដ -១៩ ប្រសិនបើមិនមានស្ថានភាពធ្ងន់ធ្ងរទេនោះ ផែនការបើកទទួលភ្ញៀវទេសចរបរទេស នឹងអាចអនុវត្តបានឆាប់ៗ ខាងមុខនេះ។
គួរបញ្ជាក់ថា ចាប់ពីខែតុលានេះតទៅ ក្រសួងទេសចរណ៍ តម្រូវឲ្យរាល់ការស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ គ្រប់កម្រិតទាំងថ្មី និងបន្តត្រូវភ្ជាប់បណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាឯកសារថតចម្លង បន្ថែមលើលក្ខខណ្ឌបានកំណត់ក្នុងប្រកាស ស្តីពី ការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់មគ្គុទ្ទេសក៍ទេសចរណ៍ ខណៈរាជរដ្ឋាភិបាលត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ដែលវ៉ាក់សាំងរួចរាល់ ឲ្យចូលមកទស្សនាកម្ពុជា ដោយតម្រូវឲ្យធ្វើចតាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»