ព័ត៌មានជាតិ
បុណ្យអុំទូកថ្ងៃទី១ ខេត្តព្រះសីហនុឈរលំដាប់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរទៅកំសាន្តច្រើនជាងគេ
ថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តព្រះសីហនុឈរលំដាប់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរទៅកំសាន្តច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ១៣ ម៉ឺននាក់នៅទូទាំងប្រទេស។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា នាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូកដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នៅទូទាំងប្រទេសមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុបចំនួន១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។
បើតាមលោក ថោង ខុន ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗ គឺខេត្តព្រះសីហនុទទួលបានភ្ញៀវទៅកំសាន្តច្រើនជាងគេ ដោយទទួលបានភ្ញៀវទេសចរចំនួន ១៨,០៧៣ នាក់ បន្ទាប់មក ខេត្តកំពត ១៥,៨៤០ នាក់ ខេត្តសៀមរាប ១៥,២៦០ នាក់ ខេត្តកែប ១២,៨៨០ នាក់ ខេត្តមណ្ឌលគិរី ១០,០១០ នាក់និង ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់។

លោករដ្ឋមន្ត្រីបានបន្តថា បើទោះបីជាពុំមានការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋនៅតែដើរកម្សាន្តច្រើននៅមុខព្រះបរមរាជវាំង ខណៈដែលកន្លែងខ្លះក៏មានការរៀបចំការប្រណាំងទូកខ្នាតតូច ដូចជានៅកោះប្រាក់ ស្រុកកៀនស្វាយក្នុងខេត្តកណ្តាល និងនៅបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យជាដើម ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្តបានតុបតែងលម្អទីរួមខេត្ត និងទីប្រជុំជននានាឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោករដ្ឋមន្ត្រី ថោង ខុន បានកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារជាដើម។

លោករដ្ឋមន្ត្រីបានបន្តទៀតថា តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើននៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះដោយសារអត្រាកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់គឺមានច្រើន ពិសេសខេត្តគោលដៅសំខាន់ៗ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើម ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើនបានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP របស់ក្រសួងទេចរណ៍ និងវិធានការសុខាភិបាលនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរក៏បានចូលរួមទប់ស្កាត់បានល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំងបានខិតខំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដោយមានការចាត់កម្លាំងសមត្ថកិច្ច និងក្រុមការងារប្រចាំការនៅតាមទីតាំងសំខាន់ៗ និងតាមរមណីយដ្ឋានទេសចរណ៍នានា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ