Connect with us

ព័ត៌មានជាតិ

ក្រសួងការងារសន្យាគិតគូរលើលក្ខខណ្ឌការងារនិងអត្ថប្រយោជន៍នានាដល់វិស័យទេសចរណ៍​

បានផុស

នៅ

លោកបណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានលើកឡើង​ថា ​ក្រសួង​នឹង​គិតគូរ​លើ​លក្ខខណ្ឌ​ការងារជាពិសេស​លើ​អត្ថប្រយោជន៍​នានា​រួមទាំង​ការពង្រីក​វិសាលភាព​ប្រាក់​ឈ្នួល​អប្បបរមា​ក៏នឹងត្រូវ​យកមក​ពិភាក្សា​នៅក្នុង​យន្តការ​នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​ផងដែរ​នៅពេលដែល​វិស័យ​ទេសចរណ៍​អាចមាន​ដំណើរការ​ល្អប្រសើ​រ​ឡើងវិញ ។​

ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​នេះ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​ ខណៈ​លោក​បាន​អនុញ្ញាតឱ្យ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវាកម្មដឹកនាំ​ក្រុមការងារ​ចូលជួប​ពិភាក្សា​ការងារ​នូវ​កិច្ចការ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ នៅ​ទីស្តីការក្រសួង​ការងារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រីបន្តថា វិស័យ​ទេសចរណ៍​មានការ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​ដំណាក់​ការ​កូ​វីដ​-១៩​នេះ​ដោយមាន​ក្រុមហ៊ុន​ខ្លះ​ពិបាក​ទប់ទល់​ទៅនឹង​វិបត្តិ​ការឆ្លង​រាតត្បាត​នៃ​ជំងឺដែល​បានអូសបន្លាយ​ប្រមាណ​ជា​២​ឆ្នាំ​មកនេះត្រូវបាន​បិទទ្វារ​ឈប់​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ដែល​នេះ​ជា​ស្ថានភាព​លំបាក​រួម​ជាសកល ផ្នែក​វិស័យ​ទេសចរណ៍​នេះ ប្រទេស​ណា​ក៏​ប៉ះទង្គិច​ដែរ ។​

លោក​រដ្ឋមន្ត្រីបានស្នើ​ដល់​ខាង​សហជីព​ឱ្យមាន​ការយោគយល់​នៅក្នុង​ដំណាក់កាល​នៃ​ការ​រា​តត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ទាំង​និយោជក និង​កម្មករនិយោជិត​ក្នុង​វិស័យនេះ​ជួប​ការលំបាកបើទោះជា​រាជរដ្ឋា​ភិ​បាល​បាន​ផ្តល់នូវ​ការអន្តរាគមន៍​ជួយ​ដល់​ការព្យួរ​ការងារក៏​និយោជក​ភាគច្រើន​ក្នុង​វិស័យនេះ​មិនអាច​ដោះស្រាយ​បាន​នូវ​ការធានា​ដល់​អត្ថ​ប្រយោជន៍​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​ដូច​ក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់​

និង​ផលិត​ស្បែកជើង​។​

លោក​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​ចែករំលែក​នូ​វក​ខ្វល់ និង​បញ្ហា​ប្រឈមដែល​សហជីព​បានលើកឡើង ហើយ​ក្រសួង បាន​គិតគូ និង​យកចិត្តទុកដាក់​ជាខ្លាំងក្នុង​ក្របខណ្ឌ​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​ឲ្យ​ទទួលបាន​អត្ថប្រយោជន៍​ស្របតាម​ច្បាប់ និង​សុខដុម​រម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​។​

លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​អគ្គនាយដ្ឋាន​ការងារ និង​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការដោះស្រាយ​បាតុកម្ម កូដកម្ម​គ្រប់មុខ​សញ្ញាបន្ត​ធ្វើការ​កាន់តែ​ជិតស្និត​ថែមទៀត​ជាមួយ​បងប្អូន​សហជីពដោះស្រាយ​នៅ​ចំណុច​ដែល​សេសសល់​អោយបាន​ឆាប់ ហើយ​ពិនិត្យ​រៀបចំ​នូវ​សេចក្តីណែនាំ ឬ​លិខិតបទដ្ឋាន​គតិយុត្តិ​បន្ថែមដើម្បី​ធានា​ដល់​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​រដ្ឋមន្ត្រីបាន​បញ្ជាក់ថា ​សហជីព ត្រូវ​ចាត់ទុក​ក្រសួង​ជា​ដៃគូជា​យន្ត​ការផ្តល់សេវា​ផ្លូវច្បាប់បើ​មាន​បញ្ហា​ប្រឈម​អី​មួយ​គិតថា ​មិនអាច​ធ្វើការ​ដោះស្រាយបានអាចមក​ពិគ្រោះ​យោបល់​កិច្ចការ​ផ្សេងៗ​ទាំង​នោះ ជាមួយ​ក្រសួង​បាន​គ្រប់ពេលវេលា​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​រាជរដ្ឋាភិបាលបាននិងកំពុង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​សម្រួល​ជីវភាព​ដល់​បងប្អូន​ក​ម្មករ​និ​យោ​ជិត និង​ជួយ​រោងចក្រ សហគ្រាស​ឲ្យ​មានលទ្ធភាព​បើក​ដំណើរការ​ផលិតកម្ម អាជីវកម្ម ដើម្បី​បន្ត​ឲ្យ​មាន​និរន្ត​ភាព​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត​។​

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ពេលដែល​វិស័យ​ទេសចរណ៍​អាចមាន​ដំណើរការ​ល្អប្រសើ​រ​ឡើងវិញ ការគិតគូ​លើ​លក្ខខណ្ឌ​ការងារ​ជាពិសេស​លើ​អត្ថប្រយោជន៍​នានា​រួមទាំង​ការពង្រីក​វិសាលភាព​ទៅ​ប្រាក់​ឈ្នួល​អប្បបរមា ក៏​នឹងត្រូវ​យកមក​ពិភាក្សា​នៅក្នុង​យន្តការ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​ផងដែរ​។​

លោក អាត់ ធន់ បាន​សម្តែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែល​តែងតែ​ផ្តល់​កិច្ចសហការ​គាំទ្រជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​មួយចំនួន​របស់​សហជីព​នៅក្នុង​ដំណើរ​បំពេញ​បេសកម្ម​ការពារ​អត្ថប្រយោជន៍ សិទ្ធ​សេរីភាពលក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាពទាំង​ក្នុង​វិស័យ​ទេសចរណ៍​, វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ព្រមទាំង​វិស័យ​មួយចំនួនទៀត​។​

លោក​បាន​បន្តថា​ នៅក្នុង​ដំណាក់កាល​នៃ​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល​បាន​ខិតខំ​ដាក់​ចេញ​នូវ​វិធានការតាំងពី​ជុំ​ទី​១ ដល់​បច្ចុប្បន្ន​ជុំ​ទី​១០ សំដៅ​ជួយ​រក្សា​លំនឹង​ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បី​ធានា​នូវ​និរន្ត​ភាព​ការងារ ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋនិង​កម្មករនិយោជិត​ដែល​រង​ផលប៉ះពាល់​ខ្លាំង​។​

លោក​បណ្ឌិត អ៊ិត សំហេង រីករាយស្វាគមន៍ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​សហជីព​ដែល​ក្រសួង​តែងតែ​ធ្វើ​កិច្ចការ​នេះ​ជាមួយគ្នាជា​រៀង​រហូតមកដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​យន្តការ​នានា​ជា​លក្ខណៈ​ទាំងទ្វេភាគី និង​ត្រីភាគី ដែលជា​ការកាត់បន្ថយ​បាន​នូវ​ការមិនយល់​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​នានា និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ការងារដែល​អាច​ក្លាយទៅជា​ការមិនយល់​គ្នា ហើយ​បង្ក​ទៅជា​វិវាទ​ការងារឈានទៅ​ការធ្វើ​បាតុកម្ម កូដកម្ម​គ្រប់​រូបភាពដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ដល់​សង្គមជាតិ ខូច​ផលប្រយោជន៍​ទាំង​និយោជកនិង​បងប្អូន​កម្មករនិយោជិត ហើយ​ប៉ះពាល់​ដល់​ការរីក​ចំរើន​របស់​សេដ្ឋកិច្ចជាតិ​៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម