Connect with us

ព័ត៌មានជាតិ

លោក ជី សិលា ៖ ពលរដ្ឋម្នាក់ៗ ចេះទុកដាក់សំរាមខ្លួនឯង និងគ្រួសារឲ្យបានស្អាត នោះភ្នំពេញកាន់​តែ​​​ស្អាត

បានផុស

នៅ

សហស្ថាបនិកមួយរូបនៃគម្រោង «ស្អាត» បានលើកឡើងថា អ្វីដែលក្រុមការងារយុទ្ធនាការភ្នំពេញស្អាតចង់បាននោះ គឺការដែលប្រជាពលរដ្ឋម្នាក់ៗ ចេះទុកដាក់សំរាមរបស់ខ្លួនឯង និងគ្រួសារឲ្យបានស្អាត ដែលនាំឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់ស្អាតជាងមុន។

កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី​៧ នៃរដ្ឋសភា និងជាសហស្ថាបនិក «គម្រោងស្អាត» បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកជាផ្លូវការ នូវយុទ្ធ​នាការភ្នំពេញស្អាត ឆ្នាំ២០​២១ ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ទម្លាប់ថ្មី ទម្លាប់ស្អាត» តាមប្រព័ន្ធអនឡាញ Zoom។

លោក ជី សិលា សហស្ថាបនិកនៃគម្រោង «ស្អាត» មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែធ្នូនេះថា យុទ្ធនាការភ្នំ​ពេ​ញ​ស្អាត ឆ្នាំ ២០២១នេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារការរាត​ត្បាតនៃជំងឺកូវីដ-១៩។ ការធ្វើដូច្នេះ គឺដើម្បីការពារសុវត្ថិភាព ក្រុមការងារស្ម័គ្រចិត្តផង និងអ្នកចូលរួមផង។ សម្រាប់ឆ្នាំ ២០​២១នេះ យុទ្ធនាការភ្នំ​ពេ​ញ​ស្អាតនាឆ្នាំនេះ នៅតែផ្ដោតសំខាន់លើការអប់រំដដែល ដោយបានផលិតជាវីដេអូអំពីអ្នកចូលរួម និងអ្នកធ្វើការងារលើវិស័យមួយចំនួន ដែលពួកគាត់បានឆ្លងកាត់ ដំណាក់កាលនៃការរាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារនៃគម្រោង «ស្អាត» ចង់ដឹងថា តើមានការផ្លាស់ប្ដូរអ្វីខ្លះ ដែលនាំធ្វើឲ្យពួកគាត់យល់ដឹងថា តាមពិតទៅភាពមានអនាម័យ ឬក៏ស្អាតនេះ ធ្វើឲ្យពួកគាត់មានសុវត្ថិភាពីជំងឺផ្សេងៗផង និងធ្វើឲ្យពួកគាត់មានរបៀបរស់នៅកាន់តែល្អ។ ពាក្យស្លោកមួយត្រូវបានដាក់ចេញ ក្នុងយុទ្ធនាការភ្នំ​ពេ​ញ​ស្អាត ឆ្នាំ ២០២១ នោះគឺ «ទម្លាប់ថ្មី ទម្លាប់ស្អាត»។ ក្រុមការងារនៃគម្រោង «ស្អាត» បានសម្ភាសជាមួយអ្នកធ្វើការងារនៅការិយាល័យ អ្នកធ្វើការងារនៅមន្ទីរពេទ្យ អ្នកធ្វើការងារនៅក្នុងហាង និងអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នណាមួយ ដើម្បីចង់ដឹងរបៀបធ្វើការងារថ្មី ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។

សហស្ថាបនិកនៃគម្រោង «ស្អាត» លោក ជី សិលា បានឲ្យដឹងថា ក្រៅពីកិច្ចការងារខាងលើនេះ គឺក្រុមការងារនៃគម្រោង «ស្អាត» ក៏បានរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ (Zoom) ដោយបានអញ្ជើញវាគ្មិនជំនាញ និងល្បីៗ ចូលរួមពិភាក្សាគ្នាជុំវិញប្រធានបទ «ទម្លាប់ថ្មី ទម្លាប់ស្អាត» និងចង់ដឹងថា តើរបៀបធ្វើការងារ នៅក្នុងស្ថាប័នពួកគាត់នីមួយៗ មានការផ្លាស់ប្ដូរបែបណាខ្លះក្នុងបរិបទនេះ ដែលជាការចែករំលែកចំណេះដឹងមួយ ទៅដល់អ្នកស្ដាប់ អ្នកទស្សនា សម្រាប់យកទៅអនុវត្តបន្ត។

នៅក្នុងកិច្ចពិភាក្សានេះ ត្រូវបានបែងចែកជា ៤ផ្នែក ដែលរួមមាន៖ ទី១. ផ្នែកលក់រាយ និងភោជ​នីយដ្ឋាន, ទី២. ផ្នែកសុខាភិបាល, ទី៣. ផ្នែកអប់រំ, ទី៤. ផ្នែកផលិតកម្ម។ លើសពីនេះទៀត ក្រុមការងារនៃគម្រោង «ស្អាត» ក៏បានអញ្ជើញអ្នកប្រជាប្រិយភាព នៅលើបណ្ដាញសង្គមមួយចំនួន ដើម្បីឲ្យពួកគាត់ផ្ដល់ជាគំនិត ឬក៏ផ្សព្វផ្សាយទៅដល់អ្នកគាំទ្រ។ គោលដៅចុងក្រោយនេះ គឺដើម្បីពញ្ញាក់អារម្មណ៍ អំពីការប្រែប្រួលនៃរបៀបរស់នៅថ្មី ដោយម្នាក់ៗ ត្រូវចេះរស់នៅដោយមានអនាម័យ រស់នៅដោយស្អាត និងរស់នៅមានសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យពួកគាត់ចៀសផុតពីហានិភ័យផង និងទម្លាប់រស់នៅមួយ ដែល​មានអនាម័យល្អជាងមុនជាដើម។

លោក ជី សិលា សហស្ថាបនិកនៃគម្រោង «ស្អាត» បានរំលឹកថា យុទ្ធនាការភ្នំ​ពេ​ញ​ស្អាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ហើយមានគោលបំណង នៃការធ្វើយុទ្ធនាការនេះ គឺដើម្បីបំផុសគំនិតសម្រាប់មនុស្សម្នាក់ៗ ត្រូវទទួលខុសត្រូវលើសំរាមរបស់ខ្លួនឯងម្នាក់ៗ។

លោកថា «អញ្ចឹងនិន្នាការរបស់យុទ្ធនាការភ្នំពេញស្អាតហ្នឹង គឺយើងចង់បំផុសនូវគំនិតឲ្យគាត់យល់ថា ម្នាក់ៗ គឺគួរតែត្រូវទទួលខុសត្រូវលើសំរាមខ្លួនឯង អញ្ចឹងឲ្យតែមានគំនិតចឹងកាន់តែបានច្រើនគ្នា ធ្វើឲ្យទីក្រុងកាន់តែស្អាត….សំរាមរបស់ហ្នឹង គេគួរចោលក្នុងធុងសំរាម ប៉ុន្តែម្នាក់ៗ គិតថា សំរាមគាត់ហ្នឹង គាត់ចោលនៅទីណាក៏បាន ដូចនៅក្នុង Restaurant គាត់ចោលអញ្ចឹងទៅ តិចទៀតម្ចាស់គេនឹងមកបោស ប៉ុន្តែតាមពិតពេល ដែលគាត់ចោលនៅក្នុង Restaurant ហ្នឹងហើយ ដែលឲ្យមានទម្លាប់មួយ ដែលនៅតាមផ្លូវក៏ចោលអត់ខ្វល់អញ្ចឹងទៅ ហើយគាត់ទៅដល់តំបន់រមណីដ្ឋាន កន្លែងដើរលេងមួយចំនួន គាត់នៅតែចោល ដោយគិតថា និងមាននរណាគេនឹងមកបោសចឹងទៅ….នេះដោយសារវាជាទម្លាប់ ចឹងយើងចង់កែទម្លាប់ហ្នឹងឲ្យចេញ នេះជានិន្នាការដែលយើងចង់ធ្វើកន្លង»។

លោក ជី សិលា បានឲ្យដឹងបន្ថែមថា ការរៀបចំយុទ្ធនាការភ្នំពេញស្អាត កាលពីឆ្នាំកន្លងៗមក គឺមានការផ្សព្វផ្សាយអប់រំជាច្រើននៅតាមសាលារៀន ដោយក្រុមការងារយល់ថា ការបណ្ដុះគំនិតទៅដល់សិស្សា-នុសិស្ស និងយុវជនដែលជាទំពាំងស្នងឬស្សី ហើយពួកគេអាចមានឥទ្ធិពល នៅក្នុងគ្រួសារផងង​​ដែរ។ ក្រុមការងារយុទ្ធនាការភ្នំ​ពេ​ញ​ស្អាត សង្ឃឹមថា សិស្សម្នាក់ គឺតំណាងឲ្យគ្រួសារមួយ ដែលជាអ្នកផ្សព្វផ្សាយនូវគំនិតស្អាត ឬក៏អនាម័យទៅឲ្យគ្រួសារ និងមិត្តភក្ដិ បងប្អូនរបស់ពួកគេ។

តាមលោក ជី សិលា ការផ្សព្វផ្សាយរបស់យុទ្ធនាការភ្នំពេញស្អាត ត្រូវបានធ្វើឡើងភាគច្រើនតាមប្រព័ន្ធ Social Media ហើយអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការនេះទាំងអស់ គឺធ្វើការងារពាក់ព័ន្ធនឹងគម្រោងនេះដោយត្រូវស្វែងរកភ្ញៀវ និងធ្វើការងារជិតស្និតជាមួយស្ថាប័នសាធារណៈ ដូចជា៖ រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ម្យ៉ាងទៀត ក៏ត្រូវមានទំនាក់ទំនងល្អ ជាមួយដៃគូរបស់គម្រោង «ស្អាត» ដែលរួមមាន៖ អង្គការ-សមាគម, និងសាលារៀនជាដើម​ ដែលត្រូវបានអញ្ជើញឲ្យចូលរួម ជួយផ្សព្វផ្សាយទៅតាមបណ្ដាញរបស់ពួកគាត់ ជាពិសេសតាមប្រព័ន្ធអនឡាញតែម្ដង។

ជាចុងក្រោយ សម្រាប់អ្វីដែលក្រុមការងារយុទ្ធនាការភ្នំពេញស្អាត ចង់បាននោះ គឺការដែលប្រជាពលរដ្ឋម្នាក់ៗ ចេះទុកដាក់សំរាមរបស់ខ្លួនឯង និងគ្រួសារឲ្យបានស្អាត នោះនឹងធ្វើឲ្យរាជធានីភ្នំពេញ កាន់តែស្អាតជាងមុនហើយ។ លោក ជី សិលា បានគូសបញ្ជាក់ថា «ចុងក្រោយហ្នឹង ក៏យើងចង់និយា​យ​ថា ឆ្នាំនេះ គឺទម្លាប់ថ្មី ទម្លាប់ស្អាត ក៏យើងចង់ឲ្យគាត់ដឹងខ្លួនឯងថា តាមពិត ដើម្បីឲ្យសុវត្ថិភាព ដើម្បីឲ្យពួកគាត់ហ្នឹង ចៀសផុតពីការឆ្លងជំងឺ ឬក៏ធ្វើកន្លែងការងារ កន្លែងធ្វើគាត់នៅ តំបន់គាត់កាន់តែស្អាតហ្នឹង គឺផ្លាស់ប្ដូរតែទម្លាប់គាត់ទៅ បានន័យថា ទម្លាប់ថ្មីហ្នឹង ដែលត្រូវតែកែហ្នឹង គឺទម្លាប់ស្អាតហ្នឹងឯង ដែលយើងចង់ឲ្យគាត់ផ្លាស់ប្ដូរផ្នត់គំនិត»។

ក្នុងនាមជាសហស្ថាបនិកនៃគម្រោង «ស្អាត» មួយរូប លោក ជី សិលា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានដឹងលឺនូវយុទ្ធនាការភ្នំពេញស្អាតនេះ គឺគួរតែចូលរួមទាំងអស់គ្នា។ ការចូលរួម គឺមានភាពសាមញ្ញបំផុត ដោយចាប់ផ្ដើមពីពួកគាត់ទិញរបស់ញ៉ាំ និងក៏ទិញរបស់របរផ្សេងទៀត ត្រូវព្យាយាមកាត់បន្ថយ នូវរបស់ដែលជាសំរាម តែបើមានសំរាមហើយ ត្រូវព្យាយាមទុកដាក់ និងចោលឲ្យបានត្រឹមត្រូវ ដែលការធ្វើយ៉ាងដូច្នេះ នឹងធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់ស្អាតឡើងថែមទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម