Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ជាង៨៤០០នាក់ និងស្លាប់ជាង៣០០នាក់

បានផុស

នៅ

នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ជាង៨៤០០នាក់ ក្នុងនោះ ករណីជាសះស្បើយជាង៨០០នាក់ និងករណីស្លាប់ជាង ៣០០នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសាកលតាមកាលកំណត់(UPR)កាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុន ចាន់ដា បានលើកឡើងថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨.៤៣៨នាក់ ក្នុងនោះករណីជាសះស្បើយចំនួន ៨.០៦៤នាក់អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៥៤នាក់ និងមានករណីស្លាប់ចំនួន ៣២០នាក់ ។ លោកអភិបាលខេត្ត បានបន្តថា ក្នុងចំណោមករណីស្លាប់ចំនួន ៣២០នាក់  ក្នុងនោះស្លាប់ដោយសារជំងឺកូវីដ ២១៣នាក់ និងស្លាប់ដោយបញ្ហាផ្សេងៗ ចំនួន ១០៧នាក់ ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានអះអាងថា រដ្ឋបាលខេត្តបានរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងបានចំនួន ៥៩០.០០៣នាក់ ស្មើនឹង ៨៤,៨០៨% នៃផែនការ ចំពោះកុមារ និងយុវវ័យអាយុ ១២ឆ្នាំដល់ ១៨ឆ្នាំ ចំនួន ១១០.៣៤០នាក់ ស្មើនឹង ៩៩,៩៥% នៃផែនការ, កុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ ចំនួន ១២០.៦០៩ ស្មើនឹង ១០៨,២៥% នៃផែនការ និងកុមារអាយុ ៥ ឆ្នាំ ចំនួន ១២.៧៤៣នាក់ ស្មើនឹង ៧៤,៧៨% នៃផែនការ និង ការចាក់វ៉ាក់សាំងដូសទី ៣ ជាដូសជំរុញជូនដល់ប្រជាពលរដ្ឋបានចំនួន ៩៣.៨៣២នាក់ ផងដែរ។

យ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាលដោយមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺនេះ មានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារកម្ពុជាបានចាក់វ៉ាក់សាំងច្រើនលើសលប់ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅប្រមាណជាង៨៨ភាគរយក្នុងចំណោមប្រជាជនសរុប១៦លាននាក់នៅទូទាំងប្រទេស។ ជាក់ស្តែងកាលពីថ្ងៃទី១០ធ្នូ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មីចំនួន១៥នាក់តាមម៉ាស៊ីនPCR ក្នុងនោះ ជាករណីឆ្លងសហគមន៍១៤ នាក់អ្នកដំណើរមកពីបរទេស១នាក់ជាសះស្បើយ១២ នាក់ និងស្លាប់៤ នាក់ ហើយមាន៣នាក់ មិនបានចាក់វ៉ាក់សាំង។ ក្រសួងសុខាភិបាល បានបន្តថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០៣២៧ នាក់ អ្នកជាសះស្បើយចំនួន១១៦៨០ នាក់និងអ្នកស្លាប់ចំនួន២៩៧៨នាក់។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ។ ប៉ុន្តែ មិនមានអ្នកស្លាប់ ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀត កម្ពុជា បានឆ្លងក្នុងសហគមន៍ចំនួន៣លើកក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកាឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម