ព័ត៌មានជាតិ
ក្រសួងអប់រំ ៖ ថ្ងៃទី១ នៃការប្រឡងបាក់ឌុបបានបញ្ចប់ដោយរលូន សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែធ្នូ នេះថា ជាទូទៅដំណើរការប្រឡងបាក់ឌុបថ្ងៃទី១នេះ នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅដោយភាពរលូន ប្រកបដោយសន្តិសុខនិងសណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ក្តីសង្ឃឹមជូនបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ។

បើតាមលោក រស់ សុវាចា នៅតាមមណ្ឌលប្រឡងទាំង២០៤ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡងបានបានគោរពបទបញ្ញត្តិប្រឡង និងបានអនុវត្តវិធានការសុខភាពនិងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែក បេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនតូចមានបញ្ហាសុខភាពនៅក្នុងអំឡុងពេលដំណើរការសំណេរនាថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមាន អាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។

ចំណែកបេក្ខជនវិជ្ជមានកូវីដ-១៩ ជាកីឡាការិនីការ៉ាតេដូចំនួន០២នាក់ មានស្ថានភាពសុខភាពធម្មតាក្នុងដំណើរការសំណេរថ្ងៃនេះ និងអាចបន្តការប្រឡង ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
អ្នកនាំពាក្យក្រសួងអប់រំ ក្នុងនាមក្រសួងអប់រំ បានសំដែងនូវកត្តាញ្ញូតាធម៌ ជូនចំពោះក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស។ ទន្ទឹមនឹងនេះ ក្រសួងបានថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានចូលរួមអនុវត្តនិងគាំទ្រ បទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងអប់រំ បានស្នើឲ្យបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព នាថ្ងៃស្អែក (ទី២៨ ខែធ្នូ ឆ្នាំ២០២១) និងគ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុប ដើម្បីក្តីសង្ឃឹមរួម និងសុខសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

គួរបញ្ជាក់ថា ការប្រឡងឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១ លើ៧មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្ដ្រ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ដ្រខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ដ្រសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្ដ្រខ្មែរ។ បេក្ខជនដាក់ពាក្យប្រឡងចំនួន១១៤ ១៨៣ នាក់ ស្រី៦០ ៣៩៧ នាក់៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


