ព័ត៌មានជាតិ
គណបក្សឯកភាពជាតិខ្មែរ ប្រកាសបណ្តេញអនុប្រធានទី១ ដោយសារសាងកំហុសយ៉ាងធ្ងន់ធ្ងរ
គណបក្សឯកភាពជាតិខ្មែរ បានប្រកាសបណ្តេញលោក អ៊ុន ជឹម ដែលមានតួនាទីជាអនុប្រធានទី១ចេញពីគណបក្ស ដោយសារតែសាងកំហុសយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូររបស់គណបក្សឯកភាពជាតិខ្មែរ នេះបើយោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក នៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ។
បើតាមលិខិតលោក នៅ សំអាត ប្រធានគណបក្សឯកភាពជាតិខ្មែរ មូលហេតុ ដែលឈានដល់ការបណ្តេញលោក អ៊ុន ជឹម ចេញពីគណបក្ស គឺដោយសារបានសាងកំហុសយ៉ាងធ្ងន់ធ្ងរនៅក្នុងគណបក្សរួមមាន ៖ ទី១- បានក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ហើយចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមរិក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទី២- ធ្វើបក្សប្រហារ ទី៣- កោះប្រជុំសមាជិកដោយគ្មានការអនុញ្ញាតពីប្រធានបក្ស និងប្រធានស្តីទី ទី៤- បង្កើតអប្បគមក្នុងបក្ស ទី៥-ញុះញង់នាំឲ្យមានការបែកបាក់ផ្ទៃក្នុងបក្ស នៅតាមមូលដ្ឋាន ទី៦- មានចេតនា ដណ្តើមតំណែងជាប្រធានបក្ស និងប្រធានស្តីទី ដោយគ្មានការឯកភាព ពីគណៈកម្មការអចិន្ត្រៃយ៍ និងគណៈកម្មការនាយក។

លោកស្រី ឡាក់ សុភាព ក្នុងនាមប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែមករា ថា លោកស្រីនឹងដាក់ពាក្យបណ្តឹង (នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ប្តឹងលោក អ៊ុន ជឹម ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ដើម្បីវាយប្រហារមកលើលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកស្រី ឡាក់ សុភាព បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម ទៅឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ ហើយបណ្តឹងនេះត្រូវបានអគ្គស្នងការនគរបាលជាតិចាត់វិធានការតាមនីតិវិធី។

គណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស ទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ និងត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅមិនអាចស្វែងរកការអត្ថាធិប្បាយពីលោក អ៊ុន ជឹម បានទេ រហូតដល់ថ្ងៃទី១៧ ខែមករា នេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


