Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ៖ កម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២២ ខែមករា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់។ លោក ថោង ខុន បានបញ្ជាក់បែបនេះកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបន្តថា ចំពោះការងារគ្រប់គ្រងសុវត្ថិភាព និងសុខភាពភ្ញៀវ គិតមកត្រឹមថ្ងៃទី២២ ខែមករា គណៈប្រតិភូដែលចូលរួមប្រជុំទាំងអស់បានត្រឡប់ទៅដល់មាតុប្រទេសរៀងខ្លួនវិញអស់ហើយ ដោយការធ្វើតេស្ត PCR មុនចេញដំណើរពីក្រុងព្រះសីហនុហើយ មិនឃើញមានករណីវិជ្ជមានកូវីដ១៩លើជនណាម្នាក់ទេ។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ប្រតិភូអន្តរជាតិខ្លះ បានផ្ញើសារមកសម្តែងការកោតសរសើរចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF 2022) និងអរគុណចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា។

ដោយឡែក ក្រុមជនបរទេសដែលចូលរួមពិព័រណ៍មួយចំនួននៃវេទិកា ATF 2022 បានបន្តដើរលេងកម្សាន្តតាមកោះនៃខេត្តព្រះសីហនុ ខ្លះដើរលេងនៅរាជធានីភ្នំពេញ និងខ្លះទៀតបានទៅដើរលេងនៅសៀមរាប-អង្គរ (ធ្វើដំណើរតាមរថយន្ត)។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា នៅថ្ងៃទី២៣ ខែមករានេះ ក្រុមជនបរទេសដែលនៅបន្តដើរលេងក្រោយគេនោះ គឺបានចាកចេញពីកម្ពុជាអស់ហើយ បន្ទាប់ពីពួកគេបានធ្វើតេស្ត PCR អវិជ្ជមាន។ នៅសល់តែខាងសារព័ត៌មានអន្តរជាតិ២នាក់ មកពីសហរដ្ឋអាមេរិកម្នាក់ និងមកពីប្រទេសអៀរឡង់ម្នាក់ ដែលពួកគេស្នើសុំនៅបន្តដើរលេងនៅរាជធានីភ្នំពេញ។

លោក ថោង ខុន បានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍ នឹងផ្សព្វផ្សាយព័ត៌មានដ៏ល្អនេះទៅកាន់តំបន់ និងពិភពលោក ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅក្នុងប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទេសចរណ៍អាស៊ាន បន្ទាប់ពីវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក៏ដូចជានៅក្នុងប្រទេសឡើងវិញ។ សហគមន៍អន្តរជាតិ មានដូចជា អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក (UNTWO) ក្លិបឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក ស្ថានទូតនៃបណ្ដាប្រទេសនានា ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២នេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា សហគមន៍អន្តរជាតិខាងលើ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងហ្មត់ចត់ និងការការពារសុខុមាលភាពប្រជាជនទូទាំងប្រទេស ដែលបានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ ATF 2022 ប្រព្រឹត្តទៅយ៉ាងមានសុវត្ថិភាព ពិសេស គឺមានការយកចិត្តទុកដាក់ចំពោះអ្នកចូលរួមយ៉ាងកក់ក្ដៅ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំ។ លើសពីនេះ ព្រឹត្តិការណ៍ ATF 2022 នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម