ព័ត៌មានជាតិ
និស្សិតមកពីខេត្តអាចស្នាក់នៅវត្តតាមវិធីណា?
ជារៀងរាល់ដើមឆ្នាំសិក្សា សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានមកបន្តការសិក្សានៅសាកលវិទ្យាល័យ។ ថ្វីដ្បិតតែតាមបណ្ដាខេត្តមួយចំនួនមានសាកលវិទ្យាល័យ ប៉ុន្តែនិស្សិតភាគច្រើនបានសម្រេចមកសិក្សានៅរាជធានីភ្នំពេញ ដោយអ្នកខ្លះស្នាក់នៅផ្ទះបងប្អូន អ្នកខ្លះស្នាក់នៅបន្ទប់ ឬផ្ទះជួលជុំញាតិមិត្ត ចំណែកនិស្សិតបុរសដែលមិនមានញាតិមិត្តរស់នៅភ្នំពេញ ឬខ្វះខាតជីវភាពផងនោះ បានស្នាក់នៅវត្តអារាម។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា សឹងតែគ្រប់វត្តទាំងអស់នៅរាជធានីភ្នំពេញ ពិសេសវត្តដែលស្ថិតនៅក្បែរសាកលវិទ្យាល័យ ឬទីតាំងសិក្សា មានទទួលសិស្សនិស្សិតពីបណ្ដាខេត្តចូលស្នាក់ដើម្បីបន្តសិក្សា។
ទាក់ទងការស្នើសុំស្នាក់នៅវត្ត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា តាមយន្តការកន្លងមក គឺអាស្រ័យចំណុច២ ទី១ អាស្រ័យលើព្រះគ្រូចៅអធិការ ដោយវត្តខ្លះព្រះគ្រូចៅអធិការជាអ្នកគ្រប់គ្រងផ្ទាល់។ ទី២ វត្តខ្លះអាស្រ័យលើព្រះសង្ឃមេកុដ ព្រោះវត្តធំៗព្រះគ្រូចៅអធិការបានប្រគល់សិទ្ធិទៅដល់មេកុដនីមួយៗ។ ដូចនេះបើកុដនោះមានកន្លែងទំនេរអាចទទួលសិស្សនិស្សិតមកស្នាក់នៅរៀនសូត្របាន នោះមេកុដនឹងទូលថ្វាយព្រះចៅអធិការឱ្យទទួលសិស្សនិស្សិតនោះ។

លោក សេង សុមុនី មានប្រសាសន៍ថា វត្តអារាមមានតម្លៃខ្ពស់ណាស់ មិនអាចកាត់ថ្លៃបាន ដោយវត្តអារាមបានកសាងធនធានមនុស្សទាំងព្រះសង្ឃ និងសិស្សនិស្សិត ជាប្រយោជន៍ដ៏ធំធេងសម្រាប់សង្គមជាតិ។ ទន្ទឹមនឹងនោះ អ្នកបានស្នាក់នៅវត្តអារាមដើម្បីបន្តការសិក្សា មានទាំងចំណេះ ជំនាញ បទពិសោធ សីលធម៌ គុណធម៌ផង ដែលអាចរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អក្សរសាស្ត្រ និងជាពលកម្មរបស់ជាតិដ៏មានតម្លៃ ដែលគណៈសង្ឃទាំង ២ គណៈបានជួយជ្រោមជ្រែងបណ្ដុះបណ្ដាលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២០ រាជធានីភ្នំពេញ មានវត្តចំនួន ១៤៩ (មហានិកាយចំនួន ១៤២វត្ត ធម្មយុត្តិកនិកាយចំនួន ៧វត្ត) ព្រះសង្ឃចំនួន ៨ ៦១០ អង្គ (ភិក្ខុចំនួន ៣ ៨២៩ អង្គ សាមណេរចំនួន ៤ ៧៨១ អង្គ) អាចារ្យ និងគណៈកម្មការវត្តចំនួន ១ ៦៤៩ នាក់ យាយជីតាជីចំនួន ១ ០៦០ នាក់ និងនិស្សិតស្នាក់នៅរៀនសូត្រមានចំនួន ២ ៨២១ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


