ព័ត៌មានជាតិ
កម្ពុជាចាត់ទុក ការវាយកម្ទេចរូបសំណាកព្រះវិស្ណុ ដោយទាហានឈ្លានពានថៃ ជាការរំលោភជំនឿសាសនា និងអារ្យធម៌មនុស្សជាតិ
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សាហាវ និងឥតមនុស្សធម៌របស់កងទ័ពថៃ ដែលបានវាយកម្ទេចរូបសំណាកទេវរូបព្រះវិស្ណុ ស្ថិតនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ថា សកម្មភាពនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ និងជំនឿសាសនារបស់សាសនិកនៅទូទាំងពិភពលោក ព្រោះរូបសំណាកព្រះវិស្ណុ ត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាពលរដ្ឋទូទៅ ហើយជាផ្នែកមួយនៃបេតិកភណ្ឌអារ្យធម៌រួមរបស់មនុស្សជាតិ។ ក្រសួងបានចាត់ទុកទង្វើនេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសាសនា វប្បធម៌ និងតម្លៃមនុស្សធម៌សកល។
ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានអំពាវនាវឱ្យសាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសសកម្មភាពដែលត្រូវបានពិពណ៌នាថា ជាទង្វើទមិឡឥតសាសនារបស់កងទ័ពឈ្លានពានថៃ។
សេចក្តីប្រកាសបានបន្ថែមថា កងទ័ពថៃបានបន្តធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់អាវុធធុនតូច និងធុនធំ យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងនាវាចម្បាំង បាញ់ប្រហារ និងទម្លាក់គ្រាប់យ៉ាងកំរោល មិនរើសគោលដៅ បណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរងរបួសជាច្រើននាក់។
បន្ថែមពីនេះ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រាសាទបុរាណ និងរូបសំណាកសម្រាប់ការគោរពសក្ការបូជា ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ខណៈសិស្សសាលា កុមារ មនុស្សចាស់ ប្រុស ស្រី ជាច្រើន ត្រូវបានបង្ខំឱ្យភៀសខ្លួនរកទីជម្រកសុវត្ថិភាពជាបន្ទាន់ ដោយមិនបានត្រៀមលក្ខណៈជាមុន។
ក្នុងសេចក្តីប្រកាសដដែលនេះ ក្រសួងធម្មការ និងសាសនា បានអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់អរិភាព និងការបំផ្លិចបំផ្លាញរូបសំណាកសម្រាប់ការគោរពបូជារបស់មនុស្សជាតិជាបន្ទាន់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
ក្រសួងបានបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងដាច់ខាតនឹងការប្រើប្រាស់កម្លាំងអាវុធ ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងយូរអង្វែង៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


