Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយជាង ៦៦ម៉ឺនដុល្លារ លើកកម្ពស់ការអប់រំនៅកម្ពុជា

បានផុស

នៅ

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៦៦៤.៩៩៤ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ      ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាព តាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្នឆ្នាំទី៣ មានថវិកាជំនួយជាង ២៦ម៉ឺនដុល្លារ។ នៅក្នុងគម្រោងនេះ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុននឹងបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអនុវត្តការអប់រំ     បរិយាបន្ន និងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។

លោកឯកអគ្គរាជទូត បានបន្តថា កគម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឆ្នាំទី៣ មានថវិកាជំនួយជាង ៣៩ម៉ឺនដុល្លារ ដែលអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស នឹងរៀបចំវគ្គសិក្សាអប់រំកាយរយៈពេល៤ឆ្នាំ នៅថ្នាក់សាកលវិទ្យាល័យ តាមរយៈការបង្កើតប្រព័ន្ធ ដើម្បីផ្តល់កម្មវិធីរយៈពេល៤ឆ្នាំ ការបណ្តុះបណ្តាលគ្រូ និងការដំឡើងបរិក្ខារសម្រាប់ការអប់រំកាយ។

លោកបានបន្ថែមទៀតថា តាមរយៈគម្រោងនេះ បុគ្គលិកចំនួន៦៤នាក់ និងសិក្ខាកាមគ្រូបង្រៀនប្រហែល ២០០នាក់ នៃវិទ្យាស្ថាននេះ នឹងអាចទទួលបានបរិស្ថានសិក្សាកាន់តែប្រសើរឡើងសម្រាប់ការអប់រំកាយ។ មិនតែប៉ុណ្ណោះ រំពឹងថា សិស្សានុសិស្សជាង ៩៨ម៉ឺននាក់ នៅកម្ពុជា នឹងទទួលបានការអប់រំកាយដែលមានប្រសិទ្ធភាពជាងមុន។

គួររំឭកថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើម នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំនោះមក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤៦លានដុល្លារ  ដល់គម្រោងចំនួន ១៤១  ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម