ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងហូរចូលលូ និងចូលទន្លេ
មានប្រសាសន៍ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ចូលរួមធ្វើអនាម័យ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងហូរចូលលូ ចូលទន្លេ និងចូលបឹង ពីព្រោះវាជារឿងរបស់យើង ទាំងអស់គ្នា។
បើតាមសម្ដេចតេជោ ហ៊ុន សែន រាជធានីភ្នំពេញរបស់យើង កាលពីទសវត្សរ៍ ៨០ គ្មានការឈឺក្បាលទាក់ទងទៅនឹងសំរាម ឬទឹកកខ្វក់ទេ។ ធ្វើយ៉ាងណាឲ្យតែរស់ មិនចាំបាច់អនាម័យម្ហូបអាហារអី នោះទេ ហើយពេលនោះ ក៏គ្មានសំរាមសម្រាប់ដឹកដែរ។ ប៉ុន្តែពេលនេះ ស្ថានភាពវាមិនដូចគ្នាទេ ដោយរហូតមកដល់ពេលនេះ សំរាមនៅរាជធានីភ្នំពេញ មានរហូតដល់ ៣ពាន់តោនក្នុងមួយថ្ងៃៗ។
សម្តេចតេជោ បានលើកឡើងដែរថា ការទទួលទានពេលនេះ សុទ្ធតែមានអនាម័យ មានការត្រួតពិនិត្យត្រឹមត្រូវ រហូតដល់បង្កើតឲ្យមានស្ថាប័ន ប្រឆាំងផលិតផលក្លែងក្លាយជាដើម។ ប៉ុន្តែអ្វីដែលជាបញ្ហាកង្វល់ គឺប្រជាពលរដ្ឋរបស់យើង មិនព្រមរៀបចំសំអាតអនាម័យ តាមរយៈការប្រមូលសំរាមនេះឯង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា «ប្រមូលធ្វើម៉េចនឹងអស់ បើយើងនាំគ្នាទទួលទាន ហើយបោះចោលក្រៅធុងសំរាម។ ធុងសំរាមនៅក្បែរហើយមិនព្រមដាក់…។ ដូច្នេះខ្ញុំសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ឬចូលមកលេងទីក្រុងភ្នំពេញ សូមប្រកាន់ខ្ជាប់នូវអនាម័យ ហើយអនាម័យនេះ មិនមែនបានមកសម្រាប់អ្នកណាទេ គឺសម្រាប់យើងទាំងអស់គ្នា»។
ជាមួយ និងបញ្ហាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង ពីបញ្ហាថង់ផ្លាស្ទីកផងដែរ ដែលកន្លងមកអាជ្ញាធរ បានធ្វើរឿងថង់ផ្លាស្ទិកហោះតាមខ្យល់។ ជាមួយគ្នានេះ ថង់ប្លាស្ទិក ក៏កំពុងក្លាយជាប្រធានបទក្តៅ សម្រាប់បញ្ហាសមុទ្រផងដែរ នៅក្នុងកិច្ចប្រជុំបរិស្ថានម្ដងៗ គេតែងតែលើកឡើង អំពីថង់ប្លាស្ទិកនៅតាមសមុទ្រនេះ។ ប៉ុន្តែសម្រាប់កម្ពុជាយើង ធ្វើយ៉ាងណាកុំឲ្យថង់ប្លាស្ទិក ឬសំរាមនានា កកកុញហូរចូលទៅទន្លេ ចូលទៅក្នុងបឹង ឬចូលទៅក្នុងលូ។ បញ្ហានេះ បើមិនចូលរួមទាំងអស់គ្នាទេ យើងមិនអាចបន្ទោសទៅលើអ្នកប្រមូលសំរាម ឬបន្ទោសទៅលើអាជ្ញាធរនោះទេ គឺត្រូវតែចូលរួមសម្អាតទាំងអស់គ្នា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា គួរតែខ្មាសក្មេងៗ ដែលបច្ចុប្បន្ននេះពួកគេទទួលបានការអប់រំច្រើនណាស់ពីលោកគ្រូ-អ្នកគ្រូ។ ដូច្នេះ មកដល់ពេលនេះក្មេងៗ មើលទៅដូចជាគ្រាន់បើជាងមនុស្សចាស់ ដែលពួកគេចេះគ្រប់គ្រងសំរាម គឺនៅពេលទទួលទានហើយ គេចេះយកទៅដាក់ធុងសំរាម។
គួររំលឹកថា កន្លងមករដ្ឋបាលរាជធានី បានចេញសេចក្តីណែនាំ ស្តីពី ការគ្រប់គ្រងសំរាម ការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម ផងដែរ ហើយក្នុងករណីទុកដាក់ខុសពីការណែនាំ ក្រុមការងារ នឹងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី ១ តែបើនៅទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


