ព័ត៌មានជាតិ
អ្នកវិភាគ ៖ ការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន គឺជារឿងវិជ្ជមាន
អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា ការគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន គឺជារឿងវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីផង និងសម្រាប់យន្តការពហុភាគី ក្នុងក្របខណ្ឌអាស៊ានផង។ ការលើកឡើងនេះ គ្រាដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានបញ្ជាក់អំពីការគាំទ្រពេញលេញដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ។
លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយភាគីទាំងពីរក៏បានជួបពិភាក្សាការងារជាមួយគ្នាផងដែរ។
បន្ទាប់ពីជំនួបបានបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់អំពីលទ្ធផលនៃជំនួបនេះ ដែលបានពិភាក្សាគ្នា ស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី និងបានផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមក្នុងស្មារតីមិត្តភាពយូរអង្វែង សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។
នៅក្នុងជំនួបនោះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់អំពីការគាំទ្រពេញលេញដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា បន្តធ្វើការងារយ៉ាងជិតស្និតក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពនិង វិបុលភាពនៅក្នុងតំបន់ និងពិភពលោក ផងដែរ។
លើសពីនេះទៀត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការងាររបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពី មីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូង របស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែកុម្ភៈថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងទម្រង់ក្របខណ្ឌជាទ្វេភាគី ក៏ដូចជាពហុភាគី។
ម្យ៉ាងទៀត នៅឆ្នាំ ២០២២នេះ ប្រទេសកម្ពុជាជាប្រធានអាស៊ាន ដូច្នេះហើយប្រទេសកម្ពុជា មានតួនាទីសំខាន់ណាស់ នៅក្នុងកិច្ចការតំបន់ ក៏ដូចជាកិច្ចការអន្តរជាតិមួយចំនួនទៀត។ លោកថា «យើងឃើញថា តំបន់របស់យើងនេះ គឺកំពុងប្រឈមបញ្ហាច្រើន ដែលយើងត្រូវរួមគ្នាដោះស្រាយ អញ្ចឹងខ្ញុំគិតថា វាបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌជាទំនាក់ទំនងទ្វេភាគីផង និងក្រោមយន្តការអាស៊ានផង»។
លោកបណ្ឌិត គិន ភា បានលើកឡើងបន្តថា តួនាទីរបស់ប្រទេសនីមួយៗ នៅក្នុងតំបន់អាស៊ានគឺមានតួនាទីសំខាន់ៗ ដូចគ្នា និងស្មើគ្នា ក្នុងក្របខណ្ឌនៃការធ្វើសេចក្ដីសម្រេចចិត្ត ក្រោមយន្តការអាស៊ាន។
អ្នកវិភាគរូបនេះ បានបន្ថែមថា «មានន័យថា ប្រទេសមួយមានសំឡេងមួយដូចគ្នា ក៏ប៉ុន្តែគ្រាន់ថាម៉ាឡេស៊ី ជាអាស៊ានចាស់ ជាសមាជិកអាស៊ានចាស់ ដែលមានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ចគួរសម នៅអាស៊ានរបស់យើងហ្នឹង ហើយក៏ជាប្រទេសដែលមាន ឥទ្ធិពលគួរសមនៅក្នុងអាស៊ានដែរ ទឹកមាត់គាត់ប្រៃដែរ អញ្ចឹងការគាំទ្រទៅវិញទៅមកហ្នឹង ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ព្រោះយើងដឹងថា អាស៊ានត្រូវការនូវមជ្ឈភាព ឯកភាព និងសាមគ្គីភាព រវាងសមាជិកទាំងអស់ អញ្ចឹងទេការគាំទ្រទៅវិញទៅមកនេះ គឺជារឿងវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីផង សម្រាប់យន្តការពហុភាគី ក្នុងក្របខណ្ឌអាស៊ានផង»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


