Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន ជំរុញឲ្យអាមេរិកនិងអ៊ីរ៉ង់ បន្តកិច្ចចរចាសន្តិភាព

បានផុស

នៅ

បន្ទាប់ពីកិច្ចពិភាក្សាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ត្រូវបរាជ័យ ពេលនេះសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យភាគីទាំងពីរ បន្តកិច្ចចរចាឈានទៅរកសន្តិភាព។

(រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៥ និងផ្សាយដោយគេហទំព័រ Business Times, រដ្ឋមន្ត្រីការបរទេសអាស៊ាន និយាយថា៖ «យើងសូមជំរុញឲ្យសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បន្តកិច្ចចរចាដែលនឹងឈានទៅរកការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ និងបង្កើតសន្តិភាពក៏ដូចជាស្ថិរភាពយូរអង្វែងនៅក្នុងតំបន់»។

រដ្ឋមន្ត្រីទាំងអស់ ក៏អំពាវនាវឲ្យមានការអនុវត្តបទឈប់បាញ់ពេញលេញនិងមានប្រសិទ្ធភាព ដើម្បីបង្ការកុំឲ្យមានការបាត់បង់ជីវិតមនុស្សបន្ថែមទៀត នៅក្នុងជម្លោះដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈផងដែរ។

កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍ ត្រូវបរាជ័យ ដោយបញ្ចប់ទៅទាំងមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីទេ។

(រូប៖ Reuters)

តាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance នៅថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦, ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ច្បាស់ៗនូវ «បន្ទាត់ក្រហម» របស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់មិនយល់ព្រមតាមលក្ខខណ្ឌឡើយ។

លោក Vance បន្ថែមថា សហរដ្ឋអាមេរិក មកកាន់កិច្ចចរចានេះដោយភាពបត់បែន និងក្នុងចិត្តស្មោះត្រង់ ប៉ុន្តែវាជារឿងដែលគួរឲ្យសោកស្តាយ ដែលភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាបាន។

ក្រោយមកក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌចំនួន៣ជាមូលហេតុនាំឲ្យការចរចាបរាជ័យ ហើយទោះទីក្រុងតេហេរ៉ង់ មិនទម្លាយថា លក្ខខណ្ឌទាំង ៣ នោះគឺជាអ្វីខ្លះក៏ដោយ ប៉ុន្តែបើតាមគេដឹង មួយក្នុងចំណោមលក្ខខណ្ឌ៣នោះ គឺពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម