ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើយុវជនដែលជាទំពាំងស្នងឬស្សី ត្រូវថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ
លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី ត្រូវមានមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ។ លោកជំទាវ បានផ្ដាំផ្ញើបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី ២៤ ឆ្នាំ ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២នេះ នៅសាលសន្និសីទចតុមុខ។
នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ចំពោះការងារវប្បធម៌ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។
ទោះបីរងការរំខាន ពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យវប្បធម៌ ដោយក្នុងនោះទិវាវប្បធម៌ជាតិ មិនដែលត្រូវបានអាក់ខាន ក្នុងការរៀបចំម្ដងណាឡើយ ហើយរាជរដ្ឋាភិបល ក៏បានសារាចរណែនាំ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ ផងដែរ។
លោកជំទាវ ម៉ែន សំអន បានផ្តល់អនុសាសន៍ចំនួន ៣ចំណុច នៅក្នុងកម្មវិធីនេះដែរថា ទី១. ពាក់ព័ន្ធនឹងធនធាន សម្រាប់បំពេញការងារ ពិសេសថវិការដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់ធនធានប្រកបដោយ ភាពសន្សំសំចៃខ្ពស់ ដោយក្នុងនោះត្រូវពង្រឹងការអនុវត្តចំណាយ តែលើការងារណាដែលចាំបាច់។
ក្នុងស្មារតីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវប្រើប្រាស់ធនធាន ដែលមានស្រាប់ ជាពិសេសធនធាន ដែលអាចជួសជុល និងទាញយកមកប្រើឡើងវិញបាន ព្រមទាំងការកៀរគរធនធានពីដៃគូនានា ដូចជា៖ មន្ត្រីចូលនិវត្តន៍ អង្គការ សមាគម អាចារ្យ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិតស្ម័គ្រចិត្ត និងប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្ត ទៅតាមលទ្ធភាពជាក់ស្ដែង។ ទន្ទឹមគ្នានេះដែរ មន្ត្រីទាំងអស់ត្រូវខិតខំ ពង្រឹងសមត្ថភាពរបស់មន្ត្រីរបស់ខ្លួន និងត្រូវស្វែងយល់អំពីកម្មវិធីកំណែទម្រង់ទាំងអស់ របស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលអនុវត្តការងារ ឲ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព ព្រមទាំងត្រូវធ្វើអាទិភាពការងារណា ដែលត្រូវបំពេញមុន និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ ដោយសារយើងមានធនធានតិច ប៉ុន្តែទំហំការងារមានច្រើន។
ទី២. ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបាន គឺអាស្រ័យដោយមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានមរតកវប្បធម៌ស្ថិតនៅ។ ក្នុងន័យនេះ លោកជំទាវ ម៉ែន សំអន ក៏ស្នើសុំអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ នៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបឲ្យបានភ្លាមៗ នូវរាល់បទល្មើសបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋាន ដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃ នៅទូទាំងប្រទេស។ ការថែរក្សាការពារតឹកតាងប្រវត្តិសាស្ត្រ និងវប្បធម៌អាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឲ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសអាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។
ជាមួយគ្នានេះដែរ ទោះបីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការផ្សព្វផ្សាយច្រើនអំពីសារៈសំខាន់ នៃវប្បធម៌ និងគោលការណ៍ច្បាប់ពាក់ព័ន្ធបទល្មើសបុរាណដ្ឋានយ៉ាងណាក្ដី ក៏សូមស្នើក្រសួងធ្វើការងារនេះបន្តទៀត ឲ្យបានជាប់លាប់ដូចភ្លៀងរលឹម ជាពិសេសក្នុងចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងត្រូវរៀបចំឲ្យមានផែនទីហានិភ័យ នៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើអន្តរាគមន៍ឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ លើសំណង់បុរាណដែលមានភាពទ្រុឌទ្រោមខ្លាំង ហើយក្រសួងត្រូវដោះស្រាយបញ្ហាឲ្យអស់លទ្ធភាព និងគ្រប់មធ្យោបាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋាន រួមទាំងវិធានការផ្លូវច្បាប់ ផងដែរ។
ទី៣. ស្របពេលដែលកម្ពុជា បានចូលជារដ្ឋភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ ១៨៨៦ និងវិសោធនកម្មឆ្នាំ ១៩៧៩ នីតិបុគ្គល និងរូបវ័ន្តបុគ្គលទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលចូលចិត្តបង្កើតមាតិកា នៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះការយកស្នាដៃរបស់អ្នកដទៃ ឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃនោះឯង៕
អត្ថបទ៖ វិមាន




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


