ព័ត៌មានជាតិ
ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក អបអរសាទរចំពោះសម្ដេចតេជោ ដែលធ្វើជាប្រធានអាស៊ាន នាឆ្នាំ ២០២២
លោក Joo-Ok Lee ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF ) បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលធ្វើជាប្រធានអាស៊ាន នាឆ្នាំ ២០២២នេះ។
ការបង្ហាញការអបអរសាទរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក Joo-Ok Lee ប្រធានកម្មវិធីតំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា លោក Joo-Ok Lee បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលធ្វើជាប្រធានអាស៊ានប្ដូរវេន និងសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងជាទីបំផុត ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍ របស់កម្ពុជា។
លោក Joo-Ok Lee បានបន្តថា លោកបានអញ្ជើញ មកប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៧ ហើយនៅពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ទោះបីក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកបន្ថែមថា ប្រសិនបើគ្មានការរីករាលដាល នៃជំងឺកូវីដនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍលឿនជាងនេះមិនខាន។
ជាមួយគ្នានោះដែរលោក Joo-Ok Lee បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរការរៀបចំ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅ នៅខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ជាមួយនឹងការទន្ទឹងទទួលអនុសាសន៍ ទស្សនៈរបស់សម្ដេចតេជោ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោ ជាប្រធានអាស៊ាន ផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ បានយល់ស្របជាមួយនឹងលោក Joo-Ok Lee ដែលថា ប្រសិនណាបើមិនមានការរាលដាលជំងឺកូវីដ-១៩ នោះ កម្ពុជាពិតជា និងមានការអភិវឌ្ឍលឿនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ក៏បានជម្រាបជូនលោក Joo-Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំង ទប់ស្កាត់ជំងឺកូវីដ ហើយក៏បានបើកប្រទេសឡើងវិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ហើយអ្វីដែលជាការគួរកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជា គឺរំពឹងថានឹងមានការកើនឡើង ប្រមាណ ៥.៦% សម្រាប់ឆ្នាំ ២០២២ នេះ។
ពាក់ព័ន្ធនឹងទស្សនៈ របស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចតេជោ ចង់បាន គឺអាស៊ានសហការបើកប្រទេសវិញព្រមៗ គ្នា ដើម្បីជំរុញទំនាក់ទំនងក្នុងក្របខណ្ឌ AFTA ជំរុញពាណិជ្ជកម្ម ក្នុងតំបន់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក នៅពេលដែលទាំងអស់គ្នា រស់នៅក្នុងបរិបទថ្មី នៃសម័យកូវីដ-១៩។
សម្ដេចតេជោ ក៏បានផ្ដល់ជូនលោក Joo-Ok Lee នូវទស្សនៈរបស់សម្ដេចពាក់ព័ន្ធនឹងរូបមន្ត ១បូក នោះ គឺការវិនិយោគមិនប្រមូលផ្ដុំ គឺការវិនិយោគនៅប្រទេសមួយ ហើយគប្បីវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយបញ្ហា នៅពេលដែលប្រទេសមួយជួប នូវវិបត្តិដូចជាជំងឺកូវីដរីករាតត្បាតជាដើម គឺប្រទេសមួយទៀតអាចបំពេញទៅ ឲ្យតម្រូវការដើម្បីរក្សាឲ្យខាងតែបាន នូវស្ថេរភាពនៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាទាញចំណាប់អារម្មណ៍ ទៅលើការវិនិយោគនៅលើវិស័យឌីជីថល ដែលកន្លងមកនេះវិស័យ Digital មិនត្រឹមតែមិនមានការប៉ះពាល់ទៅ ដោយការរីករាតត្បាតនៃជំងឺកូវីដ-១៩ ទេ ផ្ទុយទៅវិញវិស័យនេះ បាននិងកំពុងតែវិវត្តរីកចំរើនយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ ណារី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ