Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ៖ ភាព​ប្រត្យក្ស និង​សច្ចធម៌​ជាច្រើន បង្ហាញ​ពី​គុណធម៌ និង​គុណសម្បត្តិ​របស់​សម្តេច​តេ​ជោ ក្នុង​ការបន្ត​ដឹកនាំ

បានផុស

នៅ

ការ​បញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​សំរោង​រ័ត្ន​ស្ថិត​ក្នុងភូមិ​ចុងអង្ករ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងអស់​នេះ ដែល​កើត​ចេញ​ពី​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​បាន​រួបរួមសាមគ្គី​គ្នា​កសាង​ទ្បើង សម្រាប់​តម្កល់​ទុកជា​កេរដំណែល​ក្នុង​ព្រះពុទ្ធសាសនា និង​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ប្រើប្រាស់​ជួបជុំ​ធ្វើ​បុណ្យទាន​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​។

លោក​ថា សមិទ្ធផល​ទាំងនេះ ក៏​ជា​តំណាង នៃ​ការរីកចម្រើន​របស់​ប្រទេសជាតិ​ក្រោម​នយោបាយ ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ ទូទាំង​ផ្ទៃ​ប្រទេស និង​បង្កើត​ភាព​សុខដុមរមនា​សម្បូរ​សប្បាយ ជា​ការ​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​រស់នៅ​ប្រកបការងារ​តូចធំ និង​ធ្វើ​បុណ្យទាន តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន ព្រម​ជាមួយនឹង​លទ្ធភាព ចូលរួមចំណែក​ក្នុង​ការកសាង​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​ទាំងមូល​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ថែមទៀត​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស ព្រមទាំង​សមាជិក សមាជិកា បាន​កសាង​បុណ្យ​កុសល​ធំធេង​ណាស់ តាមរយៈ​ការ​ប្តូរផ្តាច់​យក​ជីវិត​ជា​ដើមទុន​ក្នុងការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ពី​មាត់ជ្រោះ​មរណៈ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​របប​នេះ​បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ធ្វើការ​ហួសកម្លាំង ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ និង​ថ្នាំ​ព្យាបាល ព្រមទាំង​បង្ក​ការកាប់សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​គ្មាន​ត្រា​ប្រណី​។ ព្រឹត្តិការណ៍​បន្ទាប់ គឺ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​ចាក​ចេញពី​ភ្នក់ភ្លើងសង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ​និង​ខែ្មរ តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំទៅរក​ការបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​នៅ​ទូទាំងប្រទេស ដោយ​នាំមក​នូវ​សន្តិភាព​ពេញលេញ​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​មិន​ធ្លាប់មាន​ឡើយ​ក្នុង​រយៈពេល​ជាង​៥០០​ឆ្នាំ ចុងក្រោយ​នេះ​។

នៅក្នុង​គ្រោះវិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ហេតុការណ៍​ថ្មីៗ​នេះ គឺ​ការបញ្ចប់​វិនាសកម្ម​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ​ដោយសារ​សម្តេច​តេ​ជោ បានធ្វើការ​សម្រេចចិត្ត​ជា​យុទ្ធសាស្ត្រ​បាន​រហ័ស​ត្រឹមត្រូវ និង​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​ការទទួលខុសត្រូវ ទាំង​ក្នុង​ការទិញ​វ៉ាក់សាំង និង​រៀបចំ​ការព្យាបាល​ជូន​ប្រជាពលរដ្ឋ​។ ប្រសិនបើ​ការសង្គ្រោះ​មាន​ភាពយឺតយ៉ាវ នោះ​មហា​វិនាសកម្ម​ទាំងបី​ធំៗ​ខាងលើនេះ ប្រហែលជា​អាច​នឹង​លេប​ត្របាក់​យក​ជីវិត​ប្រជាពលរដ្ឋ​ច្រើនសន្ធឹក​សន្ធាប់​ជាង​ដែល​បាន​កើតមានទ្បើង​មកនេះ ហើយក៏​នឹង​បង្ក​ជា​ផលវិបាក​ត​ជំនាន់​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាង​ថា ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស គឺជា​បុគ្គល​សំខាន់​ណាស់ ក្នុងការ​កំណត់​ទិសដៅ​អនាគត ធានា​ស្វែងរក​សុខសន្តិភាព និង​ភាពសុខសាន្ត​សម្បូរ​សប្បាយ​ជូន​ប្រទេសជាតិ និង​ប្រជាជន​។ ក្នុងន័យនេះ សម្តេច​តេ​ជោ ដែលជា​ឥស្សរជន​នយោបាយ​ប្រកបដោយ​បទពិសោធន៍​លើសលប់ និង​ចក្ខុវិស័យ​ខ្ពង់ខ្ពស់ បានបង្ហាញ​នូវ​ស្នាដៃ និង​លទ្ធផល​ជាក់ស្តែង​ជាច្រើន​នៅក្នុង​ដំណាក់កាល​ផ្សេងៗ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ទាំង​លើ​ការរំដោះ​ជាតិ ការកសាង​ការពារជាតិ និង​ការអភិវឌ្ឍ​ជាតិ​។

លោក​ថា “​ភាព​ប្រត្យក្ស និង​សច្ចធម៌​នេះ ពិតជា​បាន​បង្ហាញថា សម្តេច​តេ​ជោ មានគុណ​ធម៌ និង​គុណសម្បត្តិ​លើសលប់ ក្នុង​ការបន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុភមង្គល ដែល​ខុសស្រឡះ​ពី​អ្នកនយោបាយ​អគតិ​មួយចំនួន ដែល​មិន​ធ្លាប់​បានធ្វើ​អ្វី​សោះ ក្រៅ​តែ​ពី​ការ​ញុះញង់​អុចអាល បង្ក​ភាព​រើសអើង និង​ការ​ស្អប់ខ្ពើម​នៅក្នុង​សង្គមជាតិ​ខ្លួនឯង​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម