Connect with us

ព័ត៌មានជាតិ

សហគ្រាសសង្គម ដែលជំរុញដោយបច្ចេកវិទ្យា ទទួលបានការចាប់អារម្មណ៍ ក្នុងកម្មវិធីសហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ ២០២១

បានផុស

នៅ

​បន្ទាប់ពី​រៀនសូត្រ ​និង​ទទួលបាន​ការបង្ហាត់បង្ហាញ​រយៈពេល ៨​ ខែ ក្រុម​ឈ្នះ​ចំនួន​ ៦ ទទួលបាន​ប្រាក់រង្វាន់ ២០.០០០ ​ដុល្លារ​សិង្ហ​បុរី​ក្នុង​មួយក្រុម ដើម្បី​ជួយ​ពួកគេ​ឱ្យ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​សង្គម​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រាសសង្គមចំនួន ៦ ទទួលបានទឹកប្រាក់រហូតដល់ ២ ម៉ឺនដុល្លារសិង្ហបុរី សម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន​។ ការទទួលបាន​ទឹកប្រាក់​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​ក្រុម​ចំនួន ​១២ ដែល​រួមមាន​អ្នកធ្វើ​ឱ្យមាន​ការផ្លាស់ប្តូ​រ (Changemakers) ចំនួន​ ២៤ ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​តាម​អន​ឡាញ​ ដើម្បី​បញ្ចប់​ជុំ​ចុងក្រោយ​នៃ​កម្មវិធី​សហគ្រិន​សង្គម​វ័យក្មេង​ពិភពលោក​ឆ្នាំ​ ២០២១ (YSE Global 2021) របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី (SIF)​។​

​ក្រុម​ទាំងនេះ​ដែល​មកពី​ប្រទេស​កម្ពុជា ចិន ហ្ស៊​កដា​នី ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និង​សិង្ហ​បុរី ត្រូវបាន​សម្រាំង​ចេញពី​ក្រុម​ធំ​មួយ​ដែលមាន​ចំនួន​ ៤១ ​ក្រុម ដែលមាន​យុវជន​ចំនួន ១០៩​ នាក់​មកពី​ប្រទេស​ចំនួន ​១៦ ​។ ពួកគេ​បាន​ចូលរួម​ក្នុង សិក្ខាសាលា YSE Global 2021 ចាប់ពី​ខែកក្កដា ដល់​ខែសីហា ឆ្នាំ​២០២១​។

​នៅ​ឆ្នាំនេះ ដំណោះស្រាយ​ជិត ៧០​ ភាគរយ​ ដែល​ស្នើឡើង​ដោយ​ក្រុម​ចូលរួម គឺជា​ក្រុម​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា ពោលគឺ​កើនឡើង​បី​ដង​បើ​ធៀប​នឹង​កម្មវិធី​លើក​មុន និង​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​កម្មវិធី​។ រាប់​ចាប់ពី​បច្ចេកវិទ្យា Deep tech បច្ចេកវិទ្យា​ជំនួយ​រហូតដល់​ភ្លែត​ហ្វ​ម​ឌីជីថល ក្រុម​ដែល​ចូលរួមបាន​ប្រើ​បច្ចេកវិទ្យា​និង​ការច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​បរិយាបន្ន និរន្តរភាព អនាម័យ​សាធារណៈ ការថែទាំ​សុខភាព និង​ការអប់រំ​។ គោលបំណង​របស់​ពួកគេ​ក្នុងការ​ធ្វើឱ្យមាន​ផលប៉ះពាល់​វិជ្ជមាន​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​អាជីវកម្ម​របស់ខ្លួន ក៏​ស្របទៅនឹង​គោលបំណង​ជាស​កល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។

​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃនេះ ដែល​ហៅថា Pitching for Change ក្រុម​ដែលជា​ប់​ក្នុង​បញ្ជី​សម្រាំង​បានបង្ហាញ​គំនិត​អាជីវកម្ម​សង្គម​របស់​ពួកគេ​ទៅកាន់​គណៈកម្មការ​។ ក្រុម​ដែល​ឈ្នះ​ទាំង​ ៦ ​ក្រុម​ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែកលើ​ផលប៉ះពាល់​វិជ្ជមាន និង​ភាព​អាច​ពង្រីក​និង​បង្រួម​បាន​នៃ​គំនិត​អាជីវកម្ម​របស់​ពួកគេ ក៏ដូចជា​កម្រិត​នៃ​ការប្តេជ្ញាចិត្ត​របស់​សមា​ជិ​ក​ក្រុម​។​

​ក្រុម​ដែល​ឈ្នះ​រួមមាន (​តាម​លំដាប់​អក្ខរក្រម​)៖

1. AKYAS Sanitation (​ហ្សកដានី​)

2. Kanpur Flowercycling Private Limited (Phool.co) (​ឥណ្ឌា​)

3. Khmer Super Plantfood (​កម្ពុជា​)

4. Sojourner Brother (​សិង្ហ​បុរី​)

5. TACT (​ថៃ​)

6. VEMBI (​ឥណ្ឌា​)

​លោកស្រី Carrie Tan ស្ថាបនិក​សហគ្រាស​សង្គម Daughters Of Tomorrow និង​ជា​សមាជិកសភា​របស់​ប្រទេស​សិង្ហ​បុរី បានប្រគល់​រង្វាន់ និង​បិទ​កម្មវិធី​តាម​អន​ឡាញ​នេះ​។

​លោកស្រី​បាន​មានប្រសាសន៍ថា “​ការងារ​របស់​សហគ្រិន​សង្គម​មាន​សារៈសំខាន់​ណាស់ ដោយសារ​ពួកគេ​ស្វែងរក​វិធី​ថ្មីៗ​ប្រកបដោយ​និរន្តរភាព ដើម្បី​ដោះស្រាយ​តម្រូវការ​សង្គម និង​បរិស្ថាន​ដែល​មិន​ ត្រូវបាន​ឆ្លើយតប​របស់​សហគមន៍​របស់​ពួកគេ​។ វា​គួរឱ្យ​រំភើប​ដែល​មើលឃើញ​ចំណង់ ការប្តេជ្ញាចិត្ត និង​ភាព​ធន់​របស់​អ្នកចូលរួម​វ័យក្មេង​ទាំងនេះ ​ក្នុងការ​សម្រេចបាន​បេសកកម្ម​សង្គម​របស់​ពួកគេ​”​។​

​ដើម្បី​ឈាន​មកដល់​វគ្គ Pitching for Change អ្នកធ្វើ​ឱ្យមាន​ការផ្លាស់​ប្តូរ (Changemakers) វ័យក្មេង​ទាំងនេះ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​និង​គ្លីនិក​អាជីវកម្ម​តាម​អន​ឡាញ​ជាច្រើន​។ មូលនិធិ SIF បាន​បង្កើត​វគ្គ​សិក្ខាសាលា​ទាំងនេះ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព និង​ទំនុកចិត្ត​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​ល្អៗ​ក្នុងសង្គម​។

​អ្នកចូលរួម​ក៏បាន​ធ្វើការ​ជាមួយ​អ្នក​បង្ហាត់បង្ហាញ​ស្ម័គ្រចិត្ត​ដែល​ទទួលបាន​ការចាត់​តាំង​រយៈពេល​ប្រាំបី​ខែ​ផងដែរ ដើម្បី​សម្រួច​គំនិត​អាជីវកម្ម​របស់​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រុម​អ្នក​បង្ហាត់បង្ហាញ​រួមមាន​អ្នកផ្តល់​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​ឈានមុខ​គេ​មកពី​ក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Temasek International ក្រុមហ៊ុន Bain &Company និង​សហគ្រិន និង​អ្នកជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​របស់​ពួកគេ​។​

​ក្រុម​ទាំងនេះ​ក៏បាន​ចូលរួម​ក្នុង​វគ្គ YSE Spotlight ដែលជា​សកម្មភាព​អន​ឡាញ​ជា​ស៊េរី ដើម្បី​ពង្រីក​ចក្ខុវិស័យ​របស់​ពួកគេ និង​ស្វែងយល់​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ភាពជា​សហគ្រិន​សង្គម​នៅក្នុង​ប្រទេស​អាស៊ី​ផ្សេងៗ​ផងដែរ​។ នៅក្នុង​វគ្គ​នេះ សហគ្រិន​សង្គម​និង​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នានា​ចែករំលែក​បទពិសោធន៍ និង​ការយល់ដឹង​របស់​ពួកគេ​។ អ្នកចូលរួម​ក៏បាន​បង្កើត​បណ្តាញ​ជាមួយ​មិត្ត​ភក្តិ​ដែលមាន​សញ្ជាតិ​ផ្សេងៗ​គ្នា ទទួលបាន​ការយល់ដឹង​អំពី​អន្តរ​វប្បធម៌​កាន់តែ​ស៊ីជម្រៅ បង្កើត​មិត្ត​ថ្មី និង​បង្កើត​ទំនាក់ទំនង​អាជីវកម្ម​តាមរយៈ​ការចែករំលែក និង​ការពិភាក្សា​អន​ឡាញ​។

​លោកស្រី Ng Shin Ein ប្រធាន​មូលនិធិ SIF និង​ជា​ចៅក្រម​នាំមុខ​នៃ​កម្មវិធី YSE Global 2021 បាន​កត់សម្គាល់ថា ចំនួន​យុវជន​ដែលមាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​កំពុង​កើនឡើង​នៅ​ទូទាំង​ពិភពលោក ដែល​ត្រូវបាន​ជំរុញ​ដោយ​ស្មារតី​នៃ​គោលបំណង​សង្គម​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ លោកស្រី​មានប្រសាសន៍ថា “​វា​ពិតជា​ពេលវេលា​ដ៏​រំភើប​សម្រាប់​នវានុវត្តន៍​សង្គម​។ បច្ចេកវិទ្យា​បាន​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​សហគ្រិន​វ័យក្មេង​ ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ប្រកបដោយ​និរន្តរភាព​។ ពួកគេ​បាន​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងសង្គម ​និង​បរិស្ថាន​ជាមួយនឹង​ការទទួលបាន​ប្រាក់ចំណេញ និង​ផលប៉ះពាល់​វិជ្ជមាន​។ មូលនិធិ SIF មាន​មោទនភាព​ក្នុងការ​គាំទ្រ​សហគ្រាស​សង្គម​ទាំងនេះ​ក្នុង​ដំណើរ​របស់​ពួកគេ​ឆ្ពោះទៅរក​ការបង្កើត​ផលប៉ះពាល់​សង្គម​វិជ្ជមាន​កាន់តែច្រើន​”​។​

​កញ្ញា សៅ សេរី​សុទ្ធា សហ​ស្ថាបនិក Khmer Super Plantfood ពី​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ពី​ក្រុមការងារ​រៀបចំ អ្នក​បង្ហាត់បង្ហាញ​រប​ស់​យើង និង​អ្នកចូលរួម​ផ្សេងទៀត​ទាំងអស់​។ ខ្ញុំ​ទទួលបាន​យ៉ាងច្រើន​ក្នុង​រយៈពេល​ប្រាំបី​ខែ​កន្លងមកនេះ​។ វា​ក៏​កំពុង​លើកទឹកចិត្ត​ផងដែរ​ឱ្យ​ខ្ញុំ​ដឹងថា មាន​យុវជន​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​តាំងចិត្ត​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ កត្តា​នេះ​ជួយ​ខ្ញុំ​កុំឱ្យ​សូវ​មាន​អារម្មណ៍​ឯកោ​ក្នុង​ដំណើរ​សហគ្រិន​សង្គមរ​បស់​ខ្ញុំ​”​។​

YSE Global ស្វែងរក​ការ​បំផុសគំនិត បំពាក់ និង​ផ្តល់​លទ្ធភាព​ឱ្យ​យុវជន​មកពី​ជាតិ​សាសន៍​ផ្សេងៗ​ឱ្យ​ចាប់ផ្តើម ឬ​ពង្រីក​សហគ្រាស​សង្គមរ​បស់​ពួកគេ​។ ក្នុង​រយៈ ពេល ១២ ​ឆ្នាំ​កន្លងមកនេះ កម្មវិធី​របស់​មូលនិធិ SIF នេះ​បាន​ជួយ​ដល់​អតីត​អ្នកចូលរួម​ជាង ១.៣០០​ នាក់​មកពី ៤២​ ប្រទេស និង សហគ្រាស​សង្គម​ចំនួន​ ៦២៨​។​

​ពាក្យស្នើសុំ​ចូលរួម​ក្នុង​កម្មវិធី​សម្រាប់ YSE Global 2022 ឥឡូវនេះ​អាច​រកបាន​ហើយ​។ សូម​ចូលទៅ​កាន់ YSE Global 2022 – Virtual Roadshows សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម