Connect with us

ព័ត៌មានជាតិ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវចូលរួមទប់ស្កាត់ការនាំចូលសត្វរស់ និងផលិតផលសាច់ខុសច្បាប់

បានផុស

នៅ

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ថ្មីៗនេះសមាគមសង្កេតឃើញចលនាលួចនាំចូលសត្វរស់ខុសច្បាប់ និងផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក់កើនច្រើនឡើងគួរឱ្យបារម្ភបំផុត ដែលបានបង្កផលប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក តាមរយៈការលក់បង្ខូចថ្លៃដើម និងនាំសត្វដែលមានជំងឺចូលមកកម្ពុជា (បង្កឱ្យមានជំងឺឆ្លង) ជាពិសេសផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក់ដែលមិនមានការត្រួតពិនិត្យបានត្រឹមត្រូវពីស្ថាប័នជំនាញ នឹងបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងបន្ថែមថា ក្រុមឈ្មួញទុច្ចរិតបានគុបគិតជាមួយមន្ត្រីខិលខូចមួយចំនួនតូច កំពុងបំផ្លាញវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា និងសុខភាពប្រជាជនកម្ពុជាដោយលួចនាំចូលសត្វមានជំងឺ និងផលិតផលខូចគុណភាព។ ដូច្នេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមអំពាវនាវដល់បងប្អូ​នប្រជាពលរដ្ឋ សូមចូលរួមទប់ស្តាត់ការនាំចូលសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វខុសច្បាប់ និងសូមទាក់ទងផ្ដល់ព័ត៌មានមកលេខទូរសព្ទ ០១២៥៨៧៧៦៧ ០១២ ៩៣៩១៥២។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមថ្លែងអំណគុណ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខិតខំដើម្បីទប់ស្តាត់ការនាំសត្វរស់ខុសច្បាប់ និងការពារផលប្រយោជន៍ដល់អ្នកចិញ្ចឹមក្នុងស្រុក និងសុខភាពប្រជាពលរដ្ឋកម្ពុជា។

ព័ត៌មានពិស្ដារ “កម្ពុជាថ្មី” នឹងរាយការណ៍បន្ថែមនៅពេលក្រោយ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម