Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ គ្រប់បក្សនយោបាយសុទ្ធតែមានចំណែក ធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្រប់គណបក្សនយោបាយសុទ្ធ​តែមានចំណែក នៅក្នុងការធ្វើឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយល្អប្រសើរ។ ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ នាព្រឹកថ្ងៃទី ២០ ខែមេសានេះ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន​ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធទាំង​អស់ ចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ពោលគឺនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយ៉ាងដូច្នេះថា «ធ្វើម៉េចឲ្យក្នុងការបោះឆ្នោតមួយ ដោយប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ដោយមានរបៀបរៀបរយ ដោយសុវត្ថិភាព គ្មានការគំរាមកំហែង គ្មានហិង្សា»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា គ្រប់បណ្ដាគណបក្សនយោបាយទាំងអស់សុទ្ធតែមានចំណែក ដើម្បីចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ តាមការណែ​នាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ សម្ដេចតេជោ ហ៊ុន​ សែន នឹងអញ្ជើញទៅបំពេញ បេសសកម្មនៅក្រៅប្រទេស។ ប៉ុន្តែសម្ដេច នឹងអញ្ជើញត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យទាន់ការបោះឆ្នោតនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រកាសថា សម្រា​ប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ សម្ដេចមិនចេញឃោ​ស​នានោះទេ។ ការឃោសនាបោះ ឆ្នោត នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ខ្ញុំមិនចេញឃោសនា សម្រាប់មេឃុំណាមួយទេ ទុកឲ្យមេឃុំនោះនាំគ្នាធ្វើទៅ ហើយឆ្លៀតឱកាសនេះ អំពាវនាវឲ្យគ្រប់ទីកន្លែងទាំងអស់ រក្សានូវការខិតខំ ដើម្បីឲ្យប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរីៗ ស្រលាញ់គណបក្សណាមួយ ស្រលាញ់បេក្ខជនណា បោះឲ្យបេក្ខជននោះទៅ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ប្រជាពលរដ្ឋអាចនឹងយល់បានហើយ អ្វីទៅដែលគួរធ្វើ ហើយអ្វីទៅដែលមិនគួរធ្វើ។ សម្ដេចតេជោ បានបន្ថែមថា នៅពេលគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ហើយដឹកនាំប្រទេស គឺប្រជាពលរដ្ឋរូបណាក៏អាចនៅជាមួយបានដែរ៕

អត្ថបទ៖​ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម