ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ការកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ដោយសារពីដំបូង ពិភពលោកមិនទាន់ស្គាល់កូវីដ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច រហូតបង្ខំចិត្តបិទព្រំប្រទល់ ដោយសាតែពីដំបូង ពិភពលោកមិនទាន់ស្គាល់កូវីដ។

សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងពីធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ “ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះ យើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានាត្រូវបង្ខំចិត្តបិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តី ចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងស្មារតីរួបរួម សាមគ្គី និងការជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស តំបន់ និងសាកលលោកទាំងមូល បានធ្វើឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌ តំបន់ និងសាកល បានងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានក៏ដោយ”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ចំណែកនៅកម្ពុជា វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរឹង និងឈានទៅដល់ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានផងដែរ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣ ភាគរយ ក្រោយពីទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០។
សម្តេចតេជោ មានប្រសាសថា ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជា អង្គការជាតិ និងអន្តរជាតិដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយជាក់ស្ដែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ។ ទន្ទឹមគ្នានេះ ជាមួយភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលមិនដែលបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ។

សម្រាប់ទិសដៅទៅមុខ ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាលនឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ។ រាជរដ្ឋាភិបាលក៏បាន និងកំពុងតាមដានការវិវត្តនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ បរិស្ថាន គាំពារសង្គម និងភាពក្រីក្រ ជាដើមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ “៣ការពារ និង៣កុំ” ដើម្បីធានាឱ្យបាននូវការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


