Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីសង្ឃឹមថា ការបោះឆ្នោតខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព និងមានសេរីភាពគ្រប់គ្រាន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​បង្ហាញក្ដីសង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនាខាងមុខនេះ នឹងប្រកបដោយសុវត្ថិភាព មានភាពស្ងាប់ស្ងាត់ និងមានសេរីភាពគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមកប្រកួតប្រជែង។ ចំពោះការឃោសនាបោះឆ្នោត នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០​២០-២០២១ សរុប ១,៧៥៣នាក់ នៅព្រឹកថ្ងៃទី ៣ ខែឧសភានេះថា «សុំឲ្យការបោះឆ្នោត នៅក្នុងប្រទេសរបស់យើង ដែលនឹងប្រព្រឹត្តទៅខាងមុខនេះ កុំឲ្យមានអំពើហិង្សាណាមួយកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ គឺស្ថិតនៅក្នុងដំណើរការលទ្ធប្រជាធិបតេយ្យធម្មតា មិនមែនជាការកាប់សម្លាប់គ្នា យកឈ្នះយកចាញ់នោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា « ១៧គណបក្ស នឹងចូលរួមធ្វើការប្រកួតប្រជែង ដើម្បី​យកសំឡេងឆ្នោត អ្វីដែលរាជរដ្ឋាភិបាល ចង់បានគឺសុវត្ថិភាព និងបរិយាកាសនយោបាយដ៏ល្អប្រសើរ សម្រាប់ដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតមួយ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម