Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិច ទំពួន បន្តរក្សា ការត្បាញក្រណាត់ប្រពៃណី

បានផុស

នៅ

ស្រ្តីជនជាតិដើមភាគតិចទំពួន រស់នៅខេត្តរតនគីរី មកដល់បច្ចុប្បន្ននេះ នៅតែបន្តរក្សាប្រពៃណីត្បាញក្រណាត់ធ្វើពីអំបោះដើម្បីកែច្នៃជា សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី បឺត ហ្លុន ជនជាតិដើមភាគតិចទំពួន រស់នៅ ភូមិខាងលើនេះ បាននិយាយរៀបរាប់ពីមុខរបរត្បាញក្រណាត់ ដែលត្រូវការតស៊ូ និងព្យាយាម។ ស្ត្រីវ័យ ៥២ឆ្នាំ រូបនេះបានឱ្យដឹងថា មុខរបរត្បាញក្រណាត់ គឺជាការងាររបស់ស្ត្រីជនជាតិដើមភាគតិច ដើម្បីត្បាញក្រណាត់យកទៅប្រើប្រាស់ និងលក់តាមការបញ្ជាទិញ។ មុខរបរមួយនេះគឺជាទំនៀមទម្លាប់ដែលកើតមានតាំងពីបុរាណមកហើយ។

ស្ត្រីជនជាតិទំពួនម្នាក់ទៀត លក់ក្រណាត់ជនជាតិដើមភាគតិច នៅរមណីយដ្ឋានបឹងយក្ខឡោម ឈ្មោះ វិ តូញ បានរៀបរាប់ពីការលក់ដូរក្រណាត់ ដែលបានច្នៃសម្រាប់ ប្រើប្រាស់ និងទុកជាអនុស្សាវរីយ៍លក់ជូនភ្ញៀវទេសចរ។ ក្រៅពីជាអ្នកលក់ដូរ នៅក្នុងសហគមន៍រមណីយដ្ឋានបឹងយក្ខឡោម អ្នកស្រី ក៏ជាគ្រូបង្រៀនត្បាញក្រណាត់ដល់ស្ត្រីជនជាតិទំពួនផងដែរ គឺនៅតែចង់ឱ្យក្មេងៗជំនាន់ក្រោយរក្សាប្រពៃណីរបស់ខ្លួនឱ្យបានល្អ។

លោក ថុល យុពង្ស ប្រធានការិយាល័យ សិប្បកម្មសូនរូប និងទទួលបន្ទុកការងារមរតកអរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យដឹងថា ដើម្បីកុំឱ្យវប្បធម៌ប្រពៃណីមួយនេះបាត់បង់ ខាងមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានចុះសិក្សាស្រាវជ្រាវចងក្រងប្រពៃណីត្បាញក្រណាត់របស់ស្ត្រីជនជាតិទំពូន និងគ្រោងដាក់បញ្ជូនទៅក្រសួង ដើម្បីសុំបញ្ចូលជាឯកសារកត់ត្រាទុកបោះពុម្ពជាសៀវភៅប្រពៃណីតម្បាញក្រណាត់ជនជាតិដើមភាគតិចទំពួន ខេត្តរតនគិរី។

លោក ថុល យុពង្ស បានឱ្យដឹងទៀតថា កន្លងមកមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានរៀបចំចងក្រងប្រពៃណីមុខម្ហូបនៅតាមតំបន់ជនជាតិទាំង៨ ជនជាតិដើមភាគតិចស្នើសុំទៅក្រសួង និងកំពុងបន្តបន្ថែមទៀតក្រោមការដឹកនាំរបស់លោក ឆាយ សាវុធ ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។ ក្នុងនោះប្រពៃណីមួយចំនួនត្រូវបានកត់ត្រាទុកបោះពុម្ពជាសៀវភៅ និងមានការទទួលស្គាល់ជាផ្លូវការពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ៕

គួរបញ្ជាក់ថា មុខរបរត្បាញក្រណាត់នេះ មានតាំងពីយូរលង់ណាស់មកហើយ ដោយការត្បាញពីដើម បងប្អូនជនជាតិដើមភាគតិចបានយកកប្បាស កី និងប្រើវិធីជ្រលក់ស្លឹករុក្ខជាតិ ឱ្យអំបោះឡើងជាពណ៌។ ក៏ប៉ុន្តែ វត្ថុធាតុដើមពិបាករក ទើបសព្វថ្ងៃ ស្ត្រីជនជាតិទំពួនបានទិញអំបោះ ដែលមានពណ៌ស្រាប់ពីផ្សារ បានលុង យកមកត្បាញជាក្រណាត់ ច្នៃបានជាច្រើនមុខ សម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ។ ក្រោយពីត្បាញរួច មួយផ្នែកខ្លះបានយកទៅលក់នៅរមណីយដ្ឋានបឹងយក្ខឡោម ឬក៏នៅផ្សារបានលុង និងលក់ជូនអ្នកបញ្ជាទិញ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម