ព័ត៌មានជាតិ
កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជិត ៣ ពាន់ករណី កើនឡើងជាង ៣ ដង
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២២ នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជិត ៣ ពាន់ករណី ស្លាប់ ៧ នាក់កើនឡើងជាង ៣ ដងបើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅដែលមានអ្នកស្លាប់ត្រឹមតែ ១ នាក់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ កក្កដានេះថា ចាប់ពីខែមករារហូតមកដល់ខែមិថុនាឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមចំនួន ២៨៦៩ ករណី ក្នុងនោះស្លាប់ ៧ ករណីមានការកើនឡើងជាង ៣ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅមានចំនួន ៧៥១ ករណីក្នុងនោះស្លាប់ ១ នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា តួលេខនេះសបញ្ជាក់ឱ្យឃើញថា ជំងឺគ្រុនឈាម អាចផ្ទុះគ្រប់ពេលវេលាដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នា ក្នុងការសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជាសំបកកំប៉ុង សំបកដូងសំបកកង់ឡានទៅកប់ចោល ឬដុតចោលព្រោះថាវត្ថុទាំងនោះអាចបង្កឱ្យកកើតជាដង្កូវទឹក ដែលវិវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា រាជធានីខេត្តដែលករណីជំងឺគ្រុនឈាមច្រើនរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ធំនិងខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។


លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ ២០២២ នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណ ២០០ តោនសេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិត្តប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


