Connect with us

ព័ត៌មានជាតិ

៣ ខេត្តរងគ្រោះជំនន់ទឹកភ្លៀង លិចផ្ទះជាង ៤០ ខ្នង និងដំណាំស្រូវ ៧០ ហិកតា

បានផុស

នៅ

ជំនន់ទឹកភ្ញៀវថ្មីៗនេះបានបណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន ៣ ធ្វើឱ្យលិចផ្ទះប្រជាពលរដ្ឋជាង ៤០ គ្រួសារ លិចសន្ទូង និងស្រូវពង្រោះប្រមាណ ៧០ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ  គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ នេះថា គិតត្រឹមល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ខេត្ត ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ។ ក្នុងនោះខេត្តព្រះសីហនុ មានទឹកហូរកាត់លើកំណាត់ផ្លូវជាតិលេខខ ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ និង ១១៦ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកំពង់សិលា ហើយបានលិចលង់ផ្ទះប្រជាពលរដ្ឋចំនួន ៤២ ខ្នង តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វទេ។

លោកបានបន្តថា ចំណែកនៅខេត្តក្រចេះវិញ ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ ២១ គ្រួសារ សន្ទូង និងស្រូវពង្រោះចំនួន ៧០ ហិកតា។ ក្នុងនោះនៅ ភូមិកន្ទួត ចំនួន ៤៨ ហិកតា និងនៅ ភូមិអន្លង់វៀន ចំនួន ២២ ហិកតា។

លោកបានបន្តទៀតថា រីឯខេត្តឧត្តរមានជ័យវិញ ប៉ះពាល់ដល់ស្ពានមួយកន្លែងនៅស្រុកអន្លង់វែង ដែលអាចប្រឈមនឹងបាក់ស្រុតដោយសារទឹកជំនន់ទឹកភ្លៀងនេះ។

លោកបានបន្ថែមថា ក្នុងការដោះស្រាយបញ្ហានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់បណ្តាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយនៅតាមបណ្តាខេត្ត ឱ្យត្រៀមធ្វើអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋ និងតាមស្ថានភាពទឹកជំនន់ទឹកភ្លៀងជាប់ជាប្រចាំ ដើម្បីមានវិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលានៅពេលមានគ្រោះទឹកជំនន់កើតឡើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម