ព័ត៌មានជាតិ
គ្រឿងញៀនជាង ២០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោលនៅខេត្តកោះកុង
សារធាតុគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាង ២០០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតកម្ទេចចោល ដោយដាក់ផែនការបន្តបង្រ្កាបទប់ស្កាត់គ្រប់ច្រកល្ហកបន្ថែមទៀត។

វត្ថុតាងគ្រឿងញៀនជា ង២០០គីឡូក្រាម ដែលដុតកម្ទេចចោលថ្ងៃនេះ មាន ៣ប្រភេទ គឺថ្នាំញៀនប្រភេទមេតំហ្វេមីន មេតំហ្វេតាមីនគ្រាប់ និងម៉្សៅម៉ត់ពណ៌ស ហេរ៉ូអ៊ីន និងឧបករណ៍ជក់ និងវេចខ្ចប់មួយចំនួនទៀត។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញក្នុងបរិវេនអតីតព្រលានយន្តហោះ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង ឱ្យដឹងថា ថ្នាំញៀនទាំងអស់នេះ គឺត្រូវបានដកហូត តាមរយៈអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន តាមកំណត់ហេតុ ស្តីពី ការបើកកញ្ចប់សំណាកគ្រឿងញៀន ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ របស់សាលាដំបូងខេត្ត។

លោកព្រះរាជអាជ្ញា អះអាងថា គ្រឿងញៀនដ៏ច្រើននេះ ត្រូវបានឧក្រិដ្ឋជនយកមកធ្វើជាអាជីវកម្មជំនួញរបស់ខ្លួន ដើម្បីស្វែងរកចំណូលដោយពង្វក់ស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេសក្នុងស្រទាប់យុវវ័យឱ្យហ៊ានប្រព្រឹត្ត ហ៊ានសាកល្បង ដោយឈានចាប់ផ្តើមដំបូងពីការប្រើប្រាស់ជាបន្តបន្ទាប់រហូតដល់ឈានអំពើចាត់ចែង ជួញដូរ រក្សាទុក ដឹកជញ្ចូន ដោយខុសច្បាប់នូវសារធាតុញៀនជាដើម ដែលធ្វើកើតមានបទល្មើសប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាតិ។

ភាពប្រឈមនឹងបញ្ហានេះដែរ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នតុលាការ បានធ្វើការយ៉ាងជិតស្និត ដើម្បីបង្រ្កាប និងកសាងសំណុំរឿងបញ្ចូន ទៅកាន់តុលាការផ្តន្ទាទោសយ៉ាងម៉ឺងម៉ត់ ក្រោមការប្រកាន់ភ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការ គឺលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។
ទន្ទឹមនេះ លោក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏កោតសសើរចំពោះកិច្ចប្រឹងប្រែង តាមដានបង្រ្កាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ក្នុងភូមិសាស្រ្តខេត្តកោះកុង រយៈពេល ២ឆ្នាំកន្លងទៅនេះ ទោះបីជាជាប់បេសកម្មប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ។

ដោយលោក នាក់ យុទ្ធា បន្តជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ក្នុងខេត្តកោះ កុង ប្រតិបត្តិការកំណត់គោលដៅ និងមុខសញ្ញាជនសង្ស័យមិនថាតែផ្លូវទឹក ឬផ្លូវគោក នោះទេ ដើម្បីបង្រ្កាបទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ទោះបីជាការងារដ៏ប្រឈមនឹងគ្រោះថ្នាក់ មិនមែនងាយស្រួលក៏ដោយ។

បើតាមលោក នាក់ យុទ្ធា ពន្យល់ដែរថា គ្រឿងញៀនដែលបង្រ្កាបបាន មិនត្រូវបានយកទៅប្រើប្រាស់ក្នុងផ្លូវខុសណាមួយនោះទេ សូមមហាជនមេត្តាជ្រាប និងសូមកុំរិះគន់ដោយគ្មានមូលដ្ឋាន ទៅកាន់អាជ្ញាធរសមត្ថកិច្ច។ ព្រោះវត្ថុតាងថ្នាំញៀន រក្សាទុកយ៉ាងត្រឹមត្រូវតាមច្បាប់ និងមានគណៈកម្មការត្រួតពិនិត្យវាយតម្លៃ ទើបឈានដល់ការដុតកម្ទេចចោលនៅថ្ងៃនេះ។

ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ចាត់ទុកខិតខំប្រឹងប្រែង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ច មន្ត្រីបម្រើការងារក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកពាក់ព័ន្ធដទៃទៀតជាសក្ខីភាព បង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាព រវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀន គឺជាជនរងគ្រោះដែល ត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


