Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ប្ដេជ្ញាចិត្តពង្រឹងបន្ថែមទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ  

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ចិន បានប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ផងដែរ។ ការប្ដេជ្ញានេះ នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៤ ខែសីហានេះថា នៅក្នុងជំនួបទ្វេភាគីរវាងលោកឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោក វ៉ាង យី គឺភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ហើយសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសចំពោះវិបត្តិប្រទេសអ៊ុយក្រែន និងស្ថានភាពនៅប្រទេមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណារក្សារក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងជំនួបនោះដែរ លោកឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវការសាទរចំពោះភាពជោគជ័យរបស់ប្រទេស ចិន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រ៊ីដ និងប្រ៊ីដបូក ផងដែរ។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ ខណៈពេលដែលភាពតានតឹង នៃស្ថានភាពនយោបាយក្នុងតំបន់ និងសកលលោក កំពុងតែកើនឡើង។

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញ និងពង្រឹងនូវភាពជាដៃគូរយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន។

ប្រមុខការទូតកម្ពុជា-ចិន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តការសហការយ៉ាងជិតស្និតជាមួយប្រទេសមេគង្គឡាន ឆាងដទៃទៀត ដើម្បីអនុវត្តនូវផែនការសកម្មភាព ៥ឆ្នាំទៅមុខ ក្នុងក្របខណ្ឌមេគង្គឡានឆាង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម