ព័ត៌មានជាតិ
ការយល់ឃើញរបស់ព្រះសង្ឃ និងអ្នកសេដ្ឋកិច្ច ជុំវិញអាហារពោរពាសនៅថ្ងៃភ្ជុំបិណ្ឌ
ជារៀងរាល់ឆ្នាំ នៅថ្ងៃភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃបិណ្ឌទី១ទៅ ប្រជាពលរដ្ឋខ្មែរ តែងតែសម្រុកធ្វើម្ហូបអាហារប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា នៅក្នុងប្រទេសកម្ពុជា។

ការនាំយកចង្ហាន់ពីគ្រប់ទីកន្លែងចូលទៅក្នុងវត្តនៅថ្ងៃតែមួយ ធ្វើឱ្យម្ហូបអាហារ ដែលរក្សាទុកមិនបានយូរ សម្បូរហូរហៀរ នៅពេញក្នុងសាលាឆាន់នៃវត្តអារាម។ ទាក់ទងនឹងចំណីអាហារសម្បូរហូរហៀរនេះ មានមតិជាច្រើនលើកឡើងថា គឺជាការធ្វើបុណ្យដ៏ខ្ជះខ្ជាយ និងប៉ះពាល់ដល់បរិស្ថានជាដើម។

តែទោះយ៉ាងណា ព្រះអង្គ ផុន ប៊ុនណា គង់នៅវត្តសុវណ្ណគង្គារ មានថេរដីការថា ម្ហូបអាហារដែលនៅសេស សល់ច្រើនក្រោយពីពលរដ្ឋប្រគេនព្រះសង្ឃនៅថ្ងៃភ្ជុំបិណ្ឌ ព្រះសង្ឃបានយកទៅចែករំលែកបន្តដល់ពុទ្ធបរិស័ទ្ធ ដែលខ្វះខាតអាហារ ដែលមានការហូបចុកមិនគ្រប់គ្រាន់ ដើម្បីជាការចែកទានបន្ត។ ព្រះតេជគុណមានថេរដីការបន្តថា ម្ហូបអាហារពោរពាសនៅតាមទីវត្តអារាមនេះ គឺជាសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋ ក្នុងការធ្វើបុណ្យទាន ដោយមិនអាចកំណត់ ឬហាមឃាត់ណាមួយឡើយ។ ម្យ៉ាងទៀត ការបរិបូរណ៍ដោយអាហារបែបនេះ គឺមានតែរយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ មិនមែនសម្បូរសល់រាល់ថ្ងៃនោះឡើយ។
ទាក់ទងនឹងបញ្ហានេះដែរ លោក បណ្ឌិត ហុង ហុងវណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភា ការសម្រុកយកបាយសម្ល ទៅទីវត្តអារាមថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺជាប្រពៃណីខ្មែរ ប៉ុន្តែបើធ្វើឱ្យចង្ហាន់ ឬម្ហូបអាហារសល់គររហូតដល់ផ្អូមចាក់ចោល គឺជាការខ្ជះខ្ជាយទៅវិញ ដែលនេះបង្ហាញពីការមិនយល់ ដោយសារប្រពៃណីចាក់ស្រេះតាំងពីយូរមកហើយ។ ទោះយ៉ាងណា មានការអប់រំច្រើនមកហើយពីព្រះសង្ឃជុំវិញបញ្ហានេះ។ លោកបណ្ឌិត ហុង វណ្ណៈ ផ្តល់ជាទស្សនទានថា ការទៅធ្វើបុណ្យតាមប្រពៃណីមិនមែនជារឿងខុសឆ្គងនោះទេ ប៉ុន្តែត្រូវធ្វើដោយមានការពិចារណា មិនត្រូវសម្រុកយកចង្ហាន់ទៅវត្តនៅកាលៈទេសៈនេះច្រើនពេក ពោលគឺអាចធ្វើបុណ្យថ្ងៃដទៃទៀត ក្រៅពីភ្ជុំបិណ្ឌ ឬទិញជាស្បៀងដែលអាចស្តុកទុកបានយូរ ជាជាងធ្វើម្ហូបអាហារដែលឆាប់ខូច នាំឱ្យមានការខ្ជះខ្ជាយ និងប៉ះពាល់ដល់បរិស្ថានផងដែរ។ តែបើក្នុងន័យសេដ្ឋកិច្ច លោកបណ្ឌិត មើលឃើញថា ការចំណាយរបស់ពលរដ្ឋ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដូចជា ទិញសម្ភារៈ បន្លែ ផ្លែឈើ ធ្វើម្ហូបអាហារទៅវត្ត គឺជាចរន្តសេដ្ឋកិច្ចដ៏ល្អប្រសើរ៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


