Connect with us

ព័ត៌មានជាតិ

លោក​ប្រាក់ សុខុន ​អតីតកាល​ធ្លាប់​ជា​អ្នក​កាសែត មុនក្លាយជា​រដ្ឋមន្រ្តី​ក្រសួងការ​​បរទេស

បានផុស

នៅ

លោក ប្រាក់ សុខុន ជា​រដ្ឋមន្រ្តីមួយ​រូប​ដែលមានភាពលេចធ្លោ និង​មាន​បទពិសោធន៍ការងារ​​ច្រើន។ ធ្លាប់​បម្រើការងារ​ក្នុង​ជួរ​​កងទ័ព ជា​មន្រ្តីរាជការ​ស៊ីវិល ហើយ​បើ​តាមជីវ​ប្រវត្តិ​លោកក៏​មាន​បទពិសោធន៍​ផ្នែក​សារព័ត៌មាន ដោយ​ធ្លាប់​កាន់​តួនាទី​ជា​និពន្ធនាយកកាសែត​​ទៀតផង​។

អតីត​រ​ដ្ឋមន្រ្តី​​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ដែល​ក្រោយ​មកបាន​​ផ្លាស់មកដឹកនាំ​នៅ​ក្រសួង​ការបរទេស​ក្នុង​អំឡុង​ឆ្នាំ ២០១៦​ បាន​សម្រេច​ស្នាដៃ​ជាច្រើន​ទុក​ជា​មរតក​និង​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពី​ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោត​សរសើរ​ដល់​​លោក ប្រាក់ សុខុន ដែល​បាន​ដឹកនាំ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​បរទេស​អាស៊ានដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះបាន​យ៉ាង​​ជោគជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ឥស្សរជន ដែលជា​​ប្រមុខ​ការទូតកម្ពុជា​​រូបនេះ​​មាន​ប្រវត្តិ​បែប​ណា?

ប្រវត្តិ​ផ្ទាល់ខ្លួន

លោក​ប្រាក់ សុខុន កើត​នៅ​ថ្ងៃ ០៣ ឧសភា ឆ្នាំ ១៩៤៥ នៅ​រាជធានី​ភ្នំពេញ។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ ខេង សំវ៉ាន់ដា បច្ចុប្បន្ន​ក៏​ជា​មន្រ្តី​ជាន់ខ្ពស់មួយ​រូបកាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​មាន​កូន​ប្រុស​ស្រី​ចំនួន ០៣ នាក់ ក្នុង​នោះ​ប្រុស ០២ នាក់។

ការ​សិក្សា

ក្នុង​ជីវប្រវត្តិ​បង្ហាញ​ថា លោក ប្រាក់ សុខុន ជា​បញ្ញវន្ត​មួយ​រូប​ដែល​ទទួល​ការ​សិក្សា​ជ្រៅជ្រះ។ ក្រោយ​បញ្ចប់​ការ​សិក្សា​ក្នុង​ប្រទេស​ លោក​បាន​ទៅ​បន្ត​ជំនាញ​នៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ក្នុង​នោះ​ក៏​មាន​​​ជំនាញ​សារព័ត៌មាន​ផង​ដែរ។

-១៩៧២-១៩៧៥ និស្សិត​នៅ​មហាវិទ្យាល័យ​ច្បាប់​រាជធានី​ភ្នំពេញ
-១៩៨៩ វិញ្ញាបនបត្រ​នៃ​សាលា​អន្តរជាតិ ផ្នែក​សារព័ត៌មាន​ក្រុង​ប៊ុយដាប៉ែស​ ប្រទេស​ហុងគ្រី
-១៩៩៣ សញ្ញាប័ត្រ​វិទ្យាស្ថាន​អន្តរជាតិ​ផ្នែក​រដ្ឋបាល​សាធារណៈក្រុង​ប៉ារីស (ផ្នែក​ទំនាក់ទំនង​អន្តរជាតិ)
-២០០១ សញ្ញាប័ត្រ​នៃ​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​ការទូត​និង​យុទ្ធសាស្ត្រ​ក្រុង​ប៉ារីស

បទ​ពិសោធន៍​ការងារ

២០១៨-បច្ចុប្បន្ន

-ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ
-ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ
-ប្រធាន​ក្រុម​ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី (IRAG)

ខែមេសា ២០១៦ – ២០១៨

-ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ
-ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ
-ប្រធាន​ក្រុម​ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី (IRAG)

ខែ​កញ្ញា ២០១៣ – ខែ​មេសា​ឆ្នាំ ២០១៦

-រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍
-អនុប្រធានទី១ អាជ្ញាធរ​មីន​កម្ពុជា (CMAA)
-ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ
-ប្រធាន​ក្រុម​ស្រាវជ្រាវ​និង​វិភាគ​ព័ត៌មាន​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី (IRAG)

ខែ​ធ្នូ ២០១១ – ២០១២

-ប្រធាន​កិច្ចប្រជុំ​លើក​ទី១១ នៃ​បណ្ដា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង មនុស្ស (11-MSP)

២០០៩ – ២០១៣

-រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី
-ទីប្រឹក្សា​នាយករដ្ឋមន្ត្រី
-រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី
-អនុ​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា (CMAA)
-ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួលកិច្ចការ បញ្ជូន​កង​កម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ
-ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានន ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)

២០០៤

-ទីប្រឹក្សា​នាយករដ្ឋមន្ត្រី
-រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី
-អនុប្រធានទី២ អាជ្ញាធរ​មីន​កម្ពុជា (CMAA)
-ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភា​របស់​អង្គការ​សហប្រជាជាតិ

២០០៣

-ទីប្រឹក្សា​នាយករដ្ឋមន្ត្រី
-អគ្គលេខាធិការ​រង​រាជរដ្ឋាភិបាល

១៩៩៩

-ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​បារាំង បែលហ្ស៊ិក ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍​អឺរ៉ុប និង​ការិយាល័យ អ.ស.ប ប្រចាំ​ក្រុង​ហ្សឺណែវ

១៩៩៣ -១៩៩៨

-ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព័ត៌មាន និង​ទំនាក់ទំនង​អន្តរជាតិ

១៩៩៣

-អ្នក​នាំពាក្យ​អគ្គសេនាធិការ​កង​យោធពល​ខេមរភូមិន្ទ

១៩៨៦ -១៩៩២

-និពន្ធ​នាយក​រង​កាសែត​កងទ័ព

១៩៧៩ – ១៩៨៦

-ប្រធាន​ផ្នែក​និពន្ធ​កាសែត​កងទ័ព

១៩៧៩

• មន្ត្រីយោធា

ភាសា

• ក្រៅ​ពី​ភាសា​កំណើត លោក​ប្រាក់ សុខុន អាច​​ប្រើប្រាស់​បាន​ទាំង​ភាសា​បារាំង និង​អង់គ្លេស

ឋានន្តរ​សក្ដិ​កង​យោធ​ពលខេមរភូមិន្ទ

-នាយឧត្តមសេនីយ៍ ផ្កាយមាស ៤

គ្រឿងឥស្សរិយយស

-មេដាយជាតូបការ
-មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរីវឌ្ឍន៍
-មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេនា
-“Officier dans l’Ordre National de la Légion d’Honneur”

សមិទ្ធផល​ការងារ​

មន្រ្តី​ជើង​ចាស់រូបនេះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់លើគំនិ​តច្នៃប្រឌិត​ ហើយ​ក្នុង​រយៈ​ជាង ៦ ឆ្នាំនៅក្រសួង​ការបរទេស​ លោកបាន​សម្រេច​ស្នាដៃ​​ជាច្រើន​ទុក​ជា​មរតក​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ​មាន​ដូចជា៖

-បង្កើត “វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR)”ដំបូង​គេ​ នៅ​ក្នុង​វិស័យ​ការ​ទូត​កម្ពុជា

ឆ្នាំ ២០១៨ លោក ​ប្រាក់ សុខុន បាន​បង្កើត​​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​គេ​នៅ​ក្នុង​វិស័យ​ការ​ទូត​កម្ពុជា។

ស្ថាប័ន​នេះចូលរួមចំណែកគាំទ្រ និង​ពង្រឹង​ជួរ​អ្នកការទូតរបស់​កម្ពុជា​ឱ្យ​មាន​វិជ្ជាជីវ:​ច្បាស់លាស់​ពិតប្រាកដ អាច​បំពេញមុខងារជាតំណាងដ៏ស័ក្តិសម និង​ការពារ​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​លើឆាកអន្តរជាតិ។

-​ដាក់​ចេញ​ “យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច” ឆ្នាំ​២០២១-​២០២៣

យុទ្ធសាស្រ្ត​ការទូត​សេដ្ឋកិច្ច​ឆ្នាំ២០២១-២០២៣ រៀបចំ​ឡើង​នៅ​ក្នុង​កាលៈទេសៈ​ដែល​​ពិភពលោក​ក៏​ដូចជា​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ទៅ​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​ចុងក្រោយ​នេះ។

តាម​រយៈ​យុទ្ធសាស្រ្ត​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិនឹង​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល និង​ជំរុញ​​យន្តការ​​ដែល​មានស្រាប់ ដើម្បី​ទាក់ទាញ​ការ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស។

​បង្កើត “ផ្ទះបាយអង្គរ“

“ផ្ទះបាយអង្គរ” ជាការកំណែ​ទម្រង់ផ្ទៃក្នុង ដែលផ្តួចផ្តើមឡើងដោយ​លោកប្រាក់ សុខុន ជាផ្នែកមួយ​នៃការទូតអាហារ។ ផ្ទះបាយ​អង្គរ គឺជា​ផ្នែក​មួយ​នៃ​ការទូត​សេដ្ឋកិច្ច ជា​ឧបករណ៍​គន្លឹះ​ដើម្បី​លើក​ស្ទួយ​និង​ផ្សព្វផ្សាយ​វិស័យ​ការទូត​កម្ពុជា តាម​រយៈ​ការ​បង្ហាញ​អំពី​ប្រវត្តិ​ម្ហូប​ខ្មែរ​និង​អត្តសញ្ញាណ​ជាតិខ្មែរ ដែល​មាន​តួនាទីយ៉ាង​សំខាន់​ដល់​វិស័យ​ការទូត​អាហារ ដើម្បី​ស្វែង​រក​ការ​គាំទ្រ និង​ការ​ទទួល​ស្គាល់​ពីម្ហូប​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម