ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ មិនមែនជារឿងលេងសើចនោះទេ ហើយកម្ពុជាក៏ថ្កោលទោសរួចហើយ ចំពោះករណីនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» នៅព្រឹកថ្ងៃទី ៦ ខែតុលានេះថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ គឺជាការគំរាមកំហែងដល់សន្តិសុខតំបន់ ដោយមិនមែនគ្រាន់តែជាការបាញ់ចូលសមុទ្រនោះទេ តែជាការបាញ់ឆ្លងកាត់ប្រទេសមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «នេះជាការគំរាមកំហែងសន្តិសុខក្នុងតំបន់ មិនមែនគ្រាន់តែជាបញ្ហាបាញ់ចូលទៅសមុទ្រនេះ សមុទ្រនោះ ប៉ុន្តែបាញ់ឆ្លងកាត់ប្រទេសមួយ ចុះបើសិននេះបាញ់ឆ្លងកាត់ប្រទេសមួយ បានបញ្ជាក់ថា ប្រសិនបើខ្ញុំចង់បាញ់ចូលតូក្យូ ឬក៏បាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ព្រោះឆ្លងកាត់ប្រទេសតើ រឿងនេះគឺកម្ពុជាបានយកគោលជំហរច្បាស់លាស់អំពីបញ្ហានេះ»។

សូមជម្រាបថា សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី ៥ ខែតុលា បានឲ្យដឹងថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបសមភាគីថា សម្ដេច ថ្កោលទោសការបាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)។

ការថ្កោលទោសរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ហោះរំលងប្រទេសជប៉ុន កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ម្សិលមិញនេះ។ នៅថ្ងៃទី ៦ ខែតុលានេះ ប្រទេសកូរ៉េខាងជើង ក៏បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់បន្ថែមទៀត ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាង ថ្កោលទោសអាមេរិក ពាក់ព័ន្ធនឹងការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការធ្វើ សមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីគុយបា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥរិយាបថរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀត ទៅលើសេចក្ដីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយបានសម្តែងការព្រួយបារម្ភ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ ដែលជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កឲ្យមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) អនុវត្តឲ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា ៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


