Connect with us

ព័ត៌មានជាតិ

ការប្រកួត​បាល់ទះ Anchor Slamball ដំបូង​បំផុត​នៅ​កម្ពុជា នឹង​ចាប់ផ្ដើម​នៅ​ខែវិច្ឆិកាខាងមុខ​នេះ

បានផុស

នៅ

​ការប្រកួត​បាល់ទះ​ពាន​រង្វាន់ Anchor Slamball (៤​ទល់​៤) ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Sabay និង​ស្រា​បៀរ Anchor នឹង​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​៥​ ខែវិច្ឆិកា​ឆ្នាំ​២០២២​ខាងមុខនេះ​តទៅ​ហើយ​ បន្ទាប់​ពីធ្វើ​សន្និសីទ​សារព័ត៌មាន​បើក​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្រប​ពេល​វិស័យ​បាល់ទះ​នៅ​កម្ពុជា​កំពុងតែ​រីកចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ ក្រុមហ៊ុន Sabay និង Anchor ក៏បាន​ផ្ដួច​ផ្ដើមគំនិត​បង្កើត ការប្រកួត​បាល់ទះ​ពាន​រង្វាន់​នេះ​ឡើង​ សម្រាប់​កីឡាករ​ទាំងអស់​​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​បញ្ចេញ​សមត្ថភាព​។ Anchor Slamball ជាការ​ប្រកួត​បាល់ទះ ប៉ុន្តែ​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​​​ទាក់ទាញ​អ្នកគាំទ្រ​ និង​កីឡាករ​ជាច្រើន ពី​ព្រោះ​កីឡាបាល់ទះ​នេះ មាន​ប្រជាប្រិយភាព​ណាស់​នៅតាម​បណ្ដា​ខេត្ត​នានា ជាពិសេស​តំបន់​ដាច់ស្រយាល​តែម្ដង​។​

​ពានរង្វាន់​​នេះ​​​នឹង​​​​​រៀប​ចំ​​តារាង​បាល់ទះ​ស្ដង់ដា​ជា​ច្រើន​​តាម​បណ្ដា​ខេត្ត-ក្រុង​រហូតដល់​៨​ផងដែរ​។ ដោយ​ក្នុង​មួយ​ខេត្ត ក្រុមការងារ​នឹងធ្វើ​តារាង​បាល់ទះ​ស្ដង់ដា​មួយ ហើយ​វា​នឹង​ក្លាយជា​កន្លែង​បណ្ដុះបណ្ដាល​កីឡាករ​​ឆ្នើម​​ៗ​ជាច្រើន​មិន​ខាន។ ពួកគេ​អាច​លេង​នៅលើ​ទីលាន​​ដែល​មាន​​ស្ដង់ដា​ត្រឹមត្រូវ។​

​បើតាម​លោក ជី សិលា ប្រធាន​ក្រុមហ៊ុន Sabay បាន​និយាយថា​ ការប្រកួត​បាល់ទះ​ក្រៅផ្លូវការ​មួយ​នេះ នឹង​ទាក់ទាញ​ប្រជាប្រិយភាព​ជាច្រើន​។ មួយវិញទៀត លោក​រៀបចំ​វា​ឡើង​ដើម្បីឱ្យ​កីឡាករ​​ទាំង​មិន​អាជីព ពាក់កណ្ដាល​អាជីព ឬ​អាជីព​ក្ដី បានបង្ហាញ​សមត្ថភាព​ក្នុងការ​ប្រកួត ហើយ​មាន​តារាង​ស្ដង់ដា​ត្រូវ​តាម​ខ្នាត​អន្ដរជាតិ​។ ការប្រកួត​នេះ​ទៀតសោត ក៏​អាច​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​រកបាន​កីឡាករ​ឆ្នើមៗ​នៅ​ថ្ងៃ​អនាគត​ផងដែរ​។​

​ដោយឡែក​សម្រាប់​ក្រុមហ៊ុន Anchor ដែលជា​ដៃគូ​សហការ​រៀបចំ​ជាមួយ Sabay វិញ ក៏បាន​បញ្ជាក់ដែរថា​ គោល​ដៅ​ធំ​ដែល​ក្រុមហ៊ុន​រៀបចំ​ពានរង្វាន់​ និង​ធ្វើ​តារាង​ស្ដង់ដារ​ដល់​ទៅ​៨​នេះ គឺ​ដើម្បី​ជាការ​ចូលរួម​អភិវឌ្ឍ​និង​លើកស្ទួយ​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​។ ការប្រកួត​បាល់ទះ គឺជា​ការប្រកួត​ដ៏​ពេញនិយម​បំផុត​ដែល​ប្រជាជន​កម្ពុជា​ចូលចិត្ត​លេង​ណាស់​។ ដូច្នេះហើយ ពានរង្វាន់​នេះ​នឹង​ប្រមូលផ្ដុំ​កីឡាករ ឱ្យបាន​ជួបជុំគ្នា​ប្រកួត​តាម​លក្ខខណ្ឌ​ស្ដង់ដារ​អន្ដរជាតិ​ផងដែរ​។ មួយវិញទៀត ក្រុមហ៊ុន​ក៏មាន​គោលបំណង​ចូលរួមចំណែក​ជំរុញ​យុវជន​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​ក្នុង​គោលដៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​។​

​លោក Loic De Laubriere ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​ពានរង្វាន់​ខាងលើនេះ​ថា​ ៖«Anchor តែងតែ​គាំទ្រ​ជានិច្ច​ចំពោះ​ការប្រកួត​បាល់ទះ​នៅលើ​ទីលាន​ធម្មតា​»​។ ខណៈ​ការតំឡើង​តារាង​ប្រកួត​ស្ដង់ដា​ខាងមុខនេះ នឹង​កាន់តែ​ធ្វើឱ្យ​ការប្រកួត​របស់​កីឡាករ​ម្នាក់ៗ​កាន់តែ​ល្អ ព្រោះ​មាន​កន្លែង​ហ្វឹកហាត់ ហើយ​អាច​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​។ Anchor នឹង​នាំមក​ជាមួយ​នូវ​ការរៀបចំ​កម្មវិធី​សប្បាយៗ​រួមមាន ការប្រគំ​តន្ត្រី​ខ្នាតតូច​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ប្រកួត​។ «យើង​សង្ឃឹម​យ៉ាងខ្លាំង​ថា Anchor ជា​ស្លាក​សញ្ញា​ល្អ​បំផុត​ហើយ​សក្ដិសម ជាមួយ​ការប្រកួត​បាល់ទះ​»។

​សូមបញ្ជាក់ថា​ ការប្រកួត​កីឡាបាល់ទះ Anchor Slamball នេះ នឹងមាន​ក្រុម​ចូលរួម​ទាំងអស់​៨​ក្រុម ក្នុងនោះ​៧​ក្រុម​នៅតាម​បណ្ដា​ខេត្ត និង​១​ក្រុម​ក្នុង​រាជធានី​ភ្នំពេញ​។ ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ​តទៅ រហូតដល់​ខែមករា​ឆ្នាំ​២០២៣ ទើប​រកឃើញ​ជើងឯក អម​ជាមួយ​ប្រាក់រង្វាន់​សន្ធឹកសន្ធាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម