ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នឹងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
ភ្នំពេញ ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) ពិភាក្សាលើកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្នុងគោលបំណងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីជួយឲ្យកម្ពុជាសម្រេចនៅគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សមាគម GMAC ជាមួយអាជ្ញាធរមីន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីប្រមូលថវិកាសប្បុរស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា អាជ្ញាធរមីន នឹងយកថវិកាប្រមូលបាននេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងធ្វើការបោសសម្អាតមីននៅតាមតំបន់អាទិភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។

លោកបន្តទៀតថា ទន្ទឹមនឹងកិច្ចសហការការងារបោសសម្អាតមីន អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព និងធ្លាប់បានផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរមីន លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបថរបស់បុគ្គលដែលមានប្រសិទ្ធភាព ក៏ដូចជាបានចូលរួមឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ។

ជាមួយគ្នានេះ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានបង្ហាញពីគោលបំណង និងការពេញចិត្តរបស់សមាគម GMAC ដែលបានចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាឲ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀតសម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សមាគម នឹងចលនាកៀរគរឲ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនប្រមាណ ៧០០ ដែលជាសមាជិករបស់សមាគម សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា៕




-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


