Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន នឹងរួមចំណែកលើកកម្ពស់សិទ្ធិការងារពលករទេសន្តរប្រវេសន៍

បានផុស

នៅ

លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកក្រមសីលធម៌សម្រាប់ទីភ្នាក់​ងារ​ជ្រើសរើសឯកជនកម្ពុជា ជាក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា នឹងរួមចំណែកក្នុងការពង្រឹងប្រសិទ្ធិភាពនៃការការពារការលើកកម្ពស់សិទ្ធិការងារពលករទេសន្តរប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់​នូវប្រព័ន្ធវាយតម្លៃសាកល្បងនៃការអនុវត្តក្រមសីលធម៌សម្រាប់ទីភ្នាក់ជ្រើសរើសឯកជនកម្ពុជានៅសណ្ឋាគារ សាន់វ៉េ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក៏ជាឧបករណ៍មួយកំណត់នូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីល​ធម៌​ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាលការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។ លើសពីនេះ ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធិភាពនៃការការពារការលើកកម្ពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេសនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៍
សម្រាប់ពលករទេសន្តរប្រវេសន៍អាចបញ្ជាក់បានអំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជនដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។

សូមរំលឹកថា ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងប្រព័ន្ធវាយតម្លៃសាកល្បងនៃការអនុវត្តក្រមសីលធម៌ទទួលបានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ILO សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(ACRA) និងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា( MAC) ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទីភ្ញាក់ងារជ្រើសរើសឯកជនទាំងអស់ដែលបានទទួលអាជ្ញាបណ្ណពីក្រសួង ចូលរួមក្នុងការអនុវត្តនូវក្រមសីលធម៌ដ៏មានសារសំខាន់នេះដើម្បីបង្ហាញឱ្យឃើញការបេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការការពារសិទ្ធ
និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។ លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​និងកំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគីដើម្បី​បើកទូលាយទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់ អំពើជួញដូរមនុស្ស,លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ,កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារនិងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ,ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ
និងការបង្កើតមុខរបរ ដោយខ្លួនឯង។

លោករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជាមានពលករធ្វើការនៅបរទេសសរុបចំនួនប្រមាណជាង១លាន២សែននាក់​និងបានផ្ញើរថវិកាមកកម្ពុជាដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១​ឆ្នាំៗ​ហើយនៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេសពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញបទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគាំពារការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍យន្តការ និងនីតិវិធីជាធរមាន។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរ ចំពោះ“សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់​ពលករ​ទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិកម្ពុជា​ជាប្រធានអាស៊ាន ២០២២ ទើបតែទទួលបានការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។

លោករដ្ឋមន្ត្រីចាត់ទុកថា នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ានស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម