អង្គការHelpMesee ដែលជាអង្គការមិនរកប្រាក់ចំណេញ មានទីស្នាក់ការនៅទីក្រុង NeW York សហរដ្ឋអាមេរិក បានសន្យាថា នឹងជួយបណ្ដុះបណ្ដាលជំនាញវះកាត់ភ្នែកឡើងបាយតាមបែបទំនើបដល់គ្រូពេទ្យកម្ពុជា ដើម្បីឲ្យពួកគេមានសមត្ថភាពក្នុងការវះកាត់កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ការសន្យានេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកវេជ្ជបណ្ឌិត Jean Mari Andre តំណាងអង្គការ HelpMesee និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង។
នៅក្នុងជំនួបនោះ លោកវេជ្ជបណ្ឌិត Jean Mari Andre បានជម្រាបជូនលោករដ្ឋមន្ត្រីថា អង្គការHelpMesee មានចក្ខុវិស័យក្នុងការជួយលុបបំបាត់ភាពពិការភ្នែក ដែលបង្កដោយជំងឺភ្នែកឡើងបាយ តាមរយៈការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតឯកទេស ចក្ខុរោគអំពីរបៀបវះកាត់ Manual small Incision Cataract Surgery(MSICS) ហើយស្ថាបនិក នៃអង្គការនេះ គឺលោក Albert L Ueltschi ជាស្ថាបនិក នៃក្រុមហ៊ុន FlightSafety International ផងដែរ បាននាំមកនូវបទពិសោធន៍ នៃការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះ ដោយប្រើបច្ចេកវិទ្យាបង្ហាញត្រាប់(Simulation based aviation) ដើម្បីបង្កើតឡើងនូវម៉ាស៊ីនសម្រាប់បណ្ដុះបណ្ដាលបង្ហាញត្រាប់សម្រាប់វះកាត់ភ្នែក(Simulation based Eye Surgery Simulator)។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Jean Mari Andre ដែលបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ ដោយលោករដ្ឋមន្ត្រីចាត់ទុកថា ការបណ្ដុះបណ្ដាលបង្ហាញត្រាប់តាមរយៈម៉ាស៊ីន Simulation based Eye Surgery Simulator នេះ ពិតជានឹងជួយលើកកម្ពស់សមត្ថភាពរបស់និស្សិត និងគ្រូពេទ្យរបស់យើងឲ្យកាន់តែមានភាពស្ទាត់ជំនាញ មុននឹងធ្វើការវះកាត់លើអ្នកជំងឺជាក់ស្ដែង។
លោកវេជ្ជបណ្ឌិតJean Mari Andre បានសន្យាថា នឹងខិតខំរៀបចំស្នើសុំទៅស្នាក់ការកណ្ដាលរបស់អង្គការ HelpMesee នៅទីក្រុង NewYork ដើម្បីអនុវត្តគម្រោងនេះនៅកម្ពុជា៕