ព័ត៌មានជាតិ
មន្ទីរសុខាភិបាលភ្នំពេញ ត្រៀមគ្រូពេទ្យ ៦០ នាក់ និងរថយន្តសង្គ្រោះ ១៤ គ្រឿង តាមមណ្ឌលប្រឡង
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយក្រុមគ្រូពេទ្យប្រមាណ ៦០ នាក់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យុមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ៥ ធ្នូ ២០២២នេះ ដើម្បីត្រៀមជួយសង្គ្រោះដល់បេក្ខជនពេលមានបញ្ហាសុខភាពស្រាលៗ នៅក្នុងកំឡុងពេលប្រឡង។

លោក យឹម សំអាង ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៣ ធ្នូនេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី ៥ និង ៦ ធ្នូខាងមុខ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចាត់ក្រុមសង្គ្រោះបឋមចំនួន ៣០ ក្រុម ប្រចាំការនៅតាមមណ្ឌលប្រឡងនីមួយៗ ដោយក្នុងមួយមណ្ឌលដាក់គ្រូពេទ្យចំនួន ២ នាក់។

លោក មានប្រសាសន៍បន្តថា ជាធម្មតាពេលប្រឡងបាក់ឌុបម្តងៗ បេក្ខជនប្រឡងតែងតែជួបបញ្ហាសុខភាពស្រាលៗមួយចំនួនដូចជា ឈឺក្បាល វិលមុខ ក្ដៅខ្លួន សន្លប់ដោយសារភ័យជាដើម។ មានបេក្ខជនខ្លះ ត្រូវប្រឡងនៅលើរថយន្តសាម៉ុយក៏មាន។

លោកបានបន្តទៀតថា មន្ទីរសុខាភិបាលបានត្រៀមរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅតាមមណ្ឌលប្រឡងធំៗចំនួន ១៤ ផងដែរ ក្នុងករណីមានបេក្ខជនណាម្នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។ រថយន្តសង្គ្រោះបន្ទាន់ដាក់នៅមណ្ឌលវិទ្យាល័យបាក់ទូក វិទ្យាល័យសន្ធរម៉ុក វិទ្យាល័យព្រះយុគ្គគន្ធរ វិទ្យាល័យជម្ពូវ័ន្ត វិទ្យាល័យទួលទំពូង អនុវិទ្យាល័យពោធិចិនតុង វិទ្យាល័យច្បារអំពៅ វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី វិទ្យាល័យជាស៊ីមជ្រោយចង្វារ វិទ្យាល័យឫស្សីកែវ និងវិទ្យាល័យឥទ្ទ្រទេវី ជាដើម។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានមានប្រសាសន៍ នៅថ្ងៃទី៣ ធ្នូនេះថា សម្រាប់ប្រឡងបាក់ឌុបឆ្នាំនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៣ ៣៨៥ នាក់ ចែកជា ៣០ មណ្ឌល ត្រូវជា ៩៤៤ បន្ទប់ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រចំនួន ១៤ មណ្ឌល ស្មើនឹង ៤៣៣ បន្ទប់ មានបេក្ខជនចំនួន ១០ ៦៩៤ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៦ មណ្ឌល ស្មើនឹង ៥១១ បន្ទប់ មានបេក្ខជនចំនួន ១២ ៦៩១ នាក់។

លោកបានបន្តថា ចំនួនបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានការកើនឡើងចំនួន ២ ៦០៦ នាក់ បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២០ ៧៧៩ នាក់ មាន ២៨ មណ្ឌល ចែកជា ៨៤០ បន្ទប់។
យ៉ាងណាក៏ដោយ លោក បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំការប្រឡងរួចហើយ ដោយសហការជាមួយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រមាណ ៥០០ នាក់ មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសង្កេតការណ៍ក្នុងដំណើរការប្រឡង និងមានការការពារពីកងកម្លាំងប្រដាប់អាវុធ និងមានការត្រៀមជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យមកពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី ៥ និង ៦ ខែធ្នូ ឆ្នាំ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់ ចែកចេញជា ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ និងប្រកាសលទ្ធផលប្រឡងនៅរសៀលថ្ងៃទី២៧ ធ្នូ សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៨ ធ្នូ សម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស។ ក្នុងដំណើរការរៀបចំដំណើរការប្រឡង ក្រសួងអប់រំ គ្រោងនឹងចំណាយថវិកាប្រមាណ ២១ ពាន់លានរៀល ស្មើនឹង ៥ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


